ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងជួបប្រធានាធិបតីចិន លោក Xi Jinping នៅខែឧសភា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេល៨ឆ្នាំ ជាដំណើរដែលត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែសង្គ្រាមអ៊ីរ៉ង់ដែលកំពុងបន្ត។

កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការកំណត់ពេលវេលាឡើងវិញនៃដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីភាពខ្នះខ្នែងរបស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះក្នុងការបង្ហាញទំនុកចិត្តលើសង្គ្រាមមជ្ឈិមបូព៌ាដ៏លំបាក និងក្នុងពេលដំណាលគ្នាដើម្បីគ្រប់គ្រងទំនាក់ទំនងដ៏តានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនៅលើពិភពលោក ។

ដំបូងឡើយ លោក Trump គ្រោងធ្វើដំណើរនៅសប្តាហ៍ក្រោយ ឥឡូវនេះនឹងទៅទស្សនកិច្ចទីក្រុងប៉េកាំងនៅថ្ងៃទី១៤ និង១៥ ខែឧសភា នេះបើយោងតាមការបង្ហោះរបស់លោកលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ ២៥មីនាសប្ដាហ៍នេះ។ លោក Trump បានបន្ថែមថា លោកនឹងទទួលលោក Xi សម្រាប់ដំណើរទស្សនកិច្ចទៅវិញទៅមកនៅទីក្រុងវ៉ាស៊ីនតោននៅចុងឆ្នាំនេះ។
ស្ថានទូតចិនបាននិយាយថា ខ្លួនមិនមានព័ត៌មានណាមួយដើម្បីផ្តល់ការប្រកាសអំពីដំណើរទស្សនកិច្ចនោះទេ។ ជាធម្មតា ទីក្រុងប៉េកាំងមិនរៀបរាប់លម្អិតអំពីកាលវិភាគរបស់លោក Xi លើសពី ពីរ-បីថ្ងៃ មុនកើតឡើងនោះទេ។
ខណៈភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងសុច្ឆន្ទៈនៅទីក្រុងប៉េកាំងស្តីពីពាណិជ្ជកម្ម កសិកម្ម និងគ្រឿងបន្លាស់យន្តហោះ មន្ត្រីមកពីប្រទេសទាំងពីរក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវិស័យដែលមានភាពតានតឹងខ្លាំងផងដែរ ដូចជាបញ្ហាកោះតៃវ៉ាន់ ជាទីដែលគេរំពឹងថានឹងមានវឌ្ឍនភាពតិចតួច៕