ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃពុធ ទី២៥ ខែមីនា ថា លោក «ត្រៀមជាស្រេច» ដើម្បីអនុម័តការបញ្ចេញប្រេងបម្រុងបន្ថែមទៀតប្រសិនបើចាំបាច់ក្នុងការទប់ស្កាត់ផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ាលើការផ្គត់ផ្គង់ជាសកល។

លោក Fatih Birol បានធ្វើអត្ថាធិប្បាយបែបនេះក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ជាកន្លែងដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានស្នើសុំឱ្យទីភ្នាក់ងារ IEA អនុវត្តការបញ្ចេញប្រេងបន្ថែមទៀត «ក្នុងករណីដែលស្ថានភាពនៅអូសបន្លាយពេល»។ ចាប់តាំងពីខែមុន ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ និងការឆ្លើយតបជាបន្តបន្ទាប់របស់ទីក្រុងតេអេរ៉ង់ រួមទាំងការបិទច្រកសមុទ្រ Hormuz ដោយផ្ទាល់ បានរំខានដល់ការផ្គត់ផ្គង់ប្រេងជាសកលយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានការព្រួយបារម្ភជុំវិញការកើនឡើងតម្លៃនៅក្នុងប្រទេសជប៉ុន និងសេដ្ឋកិច្ចនៅអាស៊ីដែលពឹងផ្អែកលើការនាំចូលផ្សេងៗ។ កាលពីពេលមុន ទីភ្នាក់ងារ IEA បាននិយាយថា ប្រទេសជាសមាជិកនឹងបញ្ចេញប្រេងចំនួន៤០០ លានបារ៉ែលពីប្រេងបម្រុងរបស់ពួកគេ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ជាការបញ្ចេញប្រេងច្រើនបំផុតមិនធ្លាប់មាន។ លោក Birol បាននិយាយកាលពីថ្ងៃពុធថា បរិមាណនេះ មានត្រឹមតែ២០ភាគរយប៉ុណ្ណោះនៃប្រេងស្តុករបស់ទីភ្នាក់ងារ ហើយនៅមាន «ប្រេងច្រើន» ដែលនៅសល់។ «ប្រសិនបើ និងនៅពេលដែលចាំបាច់ យើងបានត្រៀមរួចជាស្រេចដើម្បីបន្តឆ្ពោះទៅមុខដោយការបញ្ចេញប្រេងបន្ថែមទៀត ប៉ុន្តែខ្ញុំសង្ឃឹមយ៉ាងមុតមាំថាវានឹងមិនចាំបាច់នោះទេ»។

លោកនិយាយថា «ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងសន្តិសុខថាមពលធ្ងន់ធ្ងរ ប៉ុន្តែទីភ្នាក់ងារថាមពលអន្តរជាតិក៏បានត្រៀមរួចជាស្រេចដើម្បីដើរតួនាទីស្នូលរបស់ខ្លួនក្នុងការធ្វើជាអ្នកគាំពារសន្តិសុខថាមពលសកល»។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន លោក Ryosei Akazawa លោក Birol បាននិយាយថា ទីភ្នាក់ងារ IEA «កំពុងត្រួតពិនិត្យមូលដ្ឋានថាមពលទាំងអស់នៅមជ្ឈិមបូព៌ា»។ «ប្រសិនបើយើងជឿថាមានតម្រូវការ យើងនឹងមិនស្ទាក់ស្ទើរក្នុងការបញ្ចេញស្តុកប្រេងបន្ថែមទៀតទៅកាន់ទីផ្សារទេ»។