យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកNTV បានឲ្យដឹងថា នាវាដឹកប្រេងឆៅរបស់ប្រទេសទួរគីមួយគ្រឿងដែលផ្ទុកប្រេងចំនួន១៤០.០០០តោនពីប្រទេសរុស្ស៊ី ត្រូវបានវាយប្រហារដោយយានដ្រូននៅសមុទ្រខ្មៅក្បែរច្រកសមុទ្រ Bosphorus របស់ទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីរាយការណ៍និយាយថា នាវានេះ ត្រូវបានគេកំណត់អត្តសញ្ញាណ Altura ស្ថិតនៅចម្ងាយប្រហែល២៤ គីឡូម៉ែត្រពីច្រកសមុទ្រ Bosphorus នៅពេលដែលមានការផ្ទុះធំមួយបានកើតឡើង។
នាវាដឹកប្រេង បានរងការខូចខាតធ្ងន់ធ្ងររួមទាំងបន្ទប់ម៉ាស៊ីនរបស់វា។ បន្ទាប់ពីនាវាដឹកប្រេងបានបញ្ជូនសញ្ញាអាសន្ន អង្គភាពសុវត្ថិភាពឆ្មាំល្បាតឆ្នេរប្រទេសទួរគីនិងឆ្មាំសមុទ្រ បានបញ្ជូនកម្លាំងជាច្រើនទៅកាន់កន្លែងកើតហេតុ រួមទាំងនាវាឆ្លើយតបបន្ទាន់ផងដែរ។
សមាជិកនាវិកទួរគីទាំង២៧នាក់នៅលើនាវាមានសុវត្ថិភាព ដោយគ្មានរបាយការណ៍អំពីអ្នករងរបួសឡើត នេះបើយោងតាមការចេញផ្សាយរបស់ NTV ហើយប្រតិបត្តិការសង្គ្រោះកំពុងដំណើរការ។
អាជ្ញាធរប្រទេសទួរគី មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីប្រភពដើមនៃយានដ្រូន ឬថាតើឧប្បត្តិហេតុនេះជាការវាយប្រហារដាក់គោលដៅឬ យ៉ាងណា។