លោក Donald Trump បានពន្យារពេលកំណត់របស់លោកសម្រាប់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រហ័រមូស (Hormuz) ចំនួន ១០ថ្ងៃទៀត រហូតដល់ថ្ងៃទី ៦ ខែមេសា បន្ទាប់ពីលោកបាននិយាយថា ការចរចាកំពុងដំណើរការទៅដោយរលូន។

លោកប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍២៦មីនា សប្ដាហ៍នេះ ក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Socialរបស់លោកដោយនិយាយថា តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ រូបលោកកំពុងផ្អាករយៈពេលនៃការបំផ្លាញរោងចក្រថាមពល១០ថ្ងៃ ដល់ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨យប់ ម៉ោងនៅអាមេរិក។

លោកថាការចរចាកំពុងដំណើរការហើយ ទោះបីជាមានសេចក្តីថ្លែងការណ៍ខុសឆ្គងផ្ទុយពីនេះដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកផ្សេងទៀតក៏ដោយ ក៏ការចរចាទាំងនោះកំពុងដំណើរការទៅដោយរលូនដែរ។
ក្រោយមក លោក Trump បានប្រាប់សារព័ត៌មាន Fox News ថា រូបលោកបានផ្តល់ឱ្យពួកគេនូវរយៈពេល ១០ថ្ងៃទៀត។ ពួកគេបានស្នើសុំរយៈពេល ៧ថ្ងៃ។

លោកក៏បានបន្តប្រកាសជ័យជម្នះក្នុងសង្គ្រាមផងដែរ ដោយបន្ថែមថា ក្នុងន័យជាក់លាក់មួយ ពួកលោកបានឈ្នះរួចហើយ។
មុននេះ ប្រធានាធិបតីអាមេរិករូបនេះ បានជំរុញឱ្យក្រុមមេដឹកនាំអ៊ីរ៉ង់ចរចាបញ្ចប់សង្គ្រាមរយៈពេលជិតមួយខែ ពុំនោះត្រូវប្រឈមនឹងការធ្វើឃាតបន្ថែមទៀតលើមន្ត្រីជាន់ខ្ពស់ ស្របពេលមានការវាយប្រហារកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ការគំរាមកំហែងនោះបានកើតឡើងខណៈអ៊ីស្រាអែលបាននិយាយថា ខ្លួនបាន បំផ្ទុះ និងកម្ចាត់ចោល មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ លោក Alireza Tangsiri និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ក្នុងការវាយប្រហារមួយលើកំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់៕
