ក្រសួងការបរទេស បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលតំបន់ឃើដឌីស្តង់(KRG) លោក Masrour Barzani កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបន្ថែមថា លោកបានសម្តែងការដឹងគុណចំពោះ KRG ដែលបានអនុញ្ញាតឲ្យប្រេងពីអ៊ីរ៉ាក់ រួមទាំងពីតំបន់ឃើដឌីស្តង់របស់ប្រទេសនេះចូលទៅដល់ទីផ្សារពិភពលោក។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោករដ្ឋមន្ត្រីក៏បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលតំបន់ឃើដឌីស្តង់ ដែលបានអនុញ្ញាតឲ្យប្រេងពីអ៊ីរ៉ាក់ រួមទាំងពីតំបន់ឃើដអ៊ីរ៉ាក់ចូលទៅដល់ទីផ្សារពិភពលោក»។
សង្គ្រាមអ៊ីរ៉ង់បានធ្វើឲ្យតម្លៃប្រេងកើនឡើង និងទីផ្សារពិភពលោករង្គោះរង្គើ។

ក្រសួងការបរទេស បានបន្ថែមថា លោក Rubio បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃកងកម្លាំងសន្តិសុខឃើដ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ នៅថ្ងៃទី ២៤ ខែមីនា ហើយបានជូនពរឲ្យអ្នករងរបួស ឆាប់ជាសះស្បើយ»។
សេចក្តីថ្លែងការណ៍របស់កងកម្លាំងសន្តិសុខឃើដ បានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានយុទ្ធជនឃើដចំនួន ៦នាក់ ត្រូវបានសម្លាប់ និង ៣០នាក់ រងរបួស នៅក្នុងការវាយប្រហារដោយរ៉ូកែត ទៅលើមូលដ្ឋានរបស់ពួកគេ នៅភាគខាងជើងទីក្រុង Irbil ក្នុងតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់៕