បាល់ទាត់៖ លោក Carlos Queiroz បានសំរេចដើរចេញពីតំណែងគ្រូបង្វឹកក្រុមជំរើសជាតិអេស៊ីបហើយ ក្រោយមិនអាចនាំក្រុមទៅបង្ហាញខ្លួននៅ World Cup 2022 នៅកាតាបានបន្ទាប់ពីចាញ់សេណេហ្កាល់នៅវគ្គ Play-Off ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

បុរសវ័យ ៦៩ឆ្នាំរូបនេះបានបង្ហោះសារលាកីឡាកររបស់អេស៊ីប និងក្រុមការងារនៅលើបណ្តាញសង្គមភ្លាមៗបន្ទាប់ពីបរាជ័យនោះ។ អតីតគ្រូបង្វឹករបស់ក្រុមជំរើសជាតិព័រទុយហ្កាល់ និង Real Madrid រូបនេះបានមកកាន់តំណែងដឹកនាំក្រុមជំរើសជាតិអេស៊ីបកាល់ពីខែកញ្ញា ឆ្នាំ២០២១ ជំនួសលោក Hossam El Badry។ បរាជ័យកាលពីយប់ថ្ងៃអង្គារគឺជាបរាជ័យផ្ទួនៗរបស់អេស៊ីបក្រោមស្នាដៃសេណេហ្កាល់ ពោលគឺសេណេហ្កាល់បានយកឈ្នះដោយបាល់ ១១ម៉ែត្រផងដែរកាលពីវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations៕
អត្ថបទ៖នាង សុភាវុធ