កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) កងទ័ពជើងទឹកម៉ិកស៊ិក បានឲ្យដឹងថា ខ្លួនបានបើកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅក្នុងតំបន់ការ៉ាអ៊ីព ដើម្បីស្វែងរកទូកក្ដោង ២គ្រឿងដែលដឹកជំនួយមនុស្សធម៌ទៅកាន់ប្រទេសគុយបា បន្ទាប់ពីនាវាទាំងនេះមិនបានទៅដល់ទីក្រុងឡាហាវ៉ាន (Havana) តាមការគ្រោងទុកឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកបានបញ្ជាក់ថា ទូកទាំង ២គ្រឿង បានចាកចេញពីទីក្រុង Isla Mujeres ក្នុងរដ្ឋ Quintana Roo របស់ប្រទេសម៉ិកស៊ិក នៅតំបន់ការ៉ាអ៊ីព កាលពីសប្តាហ៍មុន ដែលមានគោលដៅទៅកាន់ទីក្រុងឡាហាវ៉ាន ដោយមានសមាជិកនាវិកចំនួន ៩នាក់សញ្ជាតិផ្សេងៗគ្នា នៅលើទូកនោះ។

កងទ័ពជើងទឹកបានប្រាប់ថា នាវាទាំង ២គ្រឿងនេះ ត្រូវបានគេរំពឹងថា នឹងទៅដល់ រវាងថ្ងៃទី២៤ និងទី២៥ ខែមីនា ប៉ុន្តែមិនមានទំនាក់ទំនងពីនាវាទាំងនេះឡើយ និងក៏គ្មានការបញ្ជាក់ពីការទៅដល់នោះដែរ។
ទូកដែលបាត់ខ្លួនទាំង ២គ្រឿងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់មូលដ្ឋានដ៏ទូលំទូលាយ សម្រាប់ប្រទេសគុយបាដែលខ្វះខាតថាមពល និងដែលកំពុងជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីរយៈពេលយូរ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹតបន្តឹងការហាមឃាត់ លើប្រេង និងទំនិញផ្សេងទៀត។ នាវាដាច់ដោយឡែក ១គ្រឿងទៀត បានទៅដល់ទីក្រុងឡាហាវ៉ាន កាលពីថ្ងៃអង្គារ៕

