មនុស្សយ៉ាងហោច ១៣នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្រោយរថយន្តក្រុងបុកជាមួយរថយន្តដឹកថ្មកាលពីថ្ងៃព្រហស្បតិ៍ នៅរដ្ឋភាគខាងត្បូង Andhra Pradesh ប្រទេសឥណ្ឌា ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវនេះ បានកើតឡើងនៅពេលព្រឹក ពេលដែលរថយន្តក្រុងបុករថយន្តដឹកថ្ម ។
លោក Rambabuគឺជាប្រធានមន្ទីរពេទ្យរដ្ឋ Markapuramនិយាយថា នៅថ្ងៃនេះ ពួកយើងទទួលបានអ្នករងរបួស ២៩នាក់ និងសាកសពមនុស្ស ១៣នាក់ នៅក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់រវាងរថយន្តក្រុង និងរថយន្តដឹកថ្ម ដែលបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៤០នាទីព្រឹកទាបភ្លឺ ។

លោកបន្តថា ពួកយើងទទួលជនរងគ្រោះដំបូងនៅវេលាម៉ោង ៦ និង ២០នាទីព្រឹក ហើយពួកយើងបានព្យាបាលអ្នករងរបួស ហើយបច្ចុប្បន្នពួកគេមិនស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេ ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានប្រកាសសំណងជំងឺចិត្ត ២.១២៧ដុល្លារដល់អ្នកស្លាប់ ។
បើទោះបីជាឥណ្ឌា គឺជាទីផ្សារថយន្តធំបំផុតលំដាប់ទី ៣របស់ពិភពលោកយ៉ាងណាក្តី ប្រទេសមួយនេះ មានផ្លូវស្លាប់មនុស្សច្រើនបំផុត ក្នុងនោះមនុស្សយ៉ាងច្រើន បានស្លាប់ នៅក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ៕
