នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសយេម៉ែន បានបង្ហាញការព្រួយបារម្ភរបស់ពួកគេចំពោះផលវិបាកសេដ្ឋកិច្ច បើសិនជាប្រទេសមួយនេះ ត្រូវបានអូសទាញឲ្យចូលទៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ។
អ៊ីរ៉ង់កំពុងប្រឈមកម្លាំងពេញទំហឹងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយនិងកំពុងប្រយុទ្ធតបត ដោយប្រើប្រាស់សន្លឹកបៀដែលខ្លួនមាន ។
ការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz បានជាប់គាំងដោយសារការគំរាមកំហែងរបស់អ៊ីរ៉ង់ នាំឲ្យតម្លៃថាមពលហក់ឡើងខ្ពស់នៅទូទាំងពិភពលោក ។
សម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទូទាំងតំបន់ កំពុងប្រយុទ្ធ ដើម្បីគាំទ្រអ៊ីរ៉ង់ ជាពិសេសក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ប៉ុន្តែនៅមានបៀមួយសន្លឹកទៀត ដែលគេមិនទាន់បានប្រើ គឺក្រុមឧទ្ទាមហ៊ូធី ។
ក្រុមឧទ្ទាមហ៊ូធីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន បើទោះបីជាពួកគេបានបញ្ជាក់ពីសមត្ថភាពវាយប្រហារការដឹកជញ្ជូននៅក្នុងសមុទ្រក្រហមអស់រយៈពេល ២ឆ្នាំ ក្រោយការចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាយ៉ាងណាក្តី មកទល់នឹងពេលនេះ នៅមិនទាន់លូកដៃចូលក្នុងជម្លោះនោះទេ ។
លោក Abdel-Malik al-Houthi គឺជាប្រធានក្រុមឧទ្ទាមហ៊ូធី ធ្លាប់បាននិយាយកាលពីមុនថា ក្រុមរបស់លោករង់ចាំតែកេះកៃប៉ុណ្ណោះ ដោយរូបលោកសន្យាថា សកម្មភាពនឹងធ្វើឡើងក្នុងពេលវេលាត្រឹមត្រូវណាមួយ ៕