ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសុក្រ បានគំរាមថា៖«គុយបាគឺជាប្រទេសបន្ទាប់» ក្រោយពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត ( Future Investment) Initiative នៅទីក្រុង Miami រដ្ឋហ្វ្លរីដាថា៖«គុយបាគឺជាប្រទេសបន្ទាប់ ប៉ុន្តែសូមចាត់ទុកថា ខ្ញុំមិនបាននិយាយបែបនោះទេ ហើយសូមប្រព័ន្ធផ្សព្វផ្សាយពុំចាំចាច់យកចិត្តទុក សេចក្តីថ្លែងការណ៍នេះទេ។ សូមអរគុណច្រើន។ ប្រទេសគុយបា គឺជាប្រទេសបន្ទាប់»។

ការអត្ថាធិប្បាយនេះ បានកើតឡើង បន្ទាប់ពីយោធាអាមេរិក បានវាយឆ្មក់ប្រទេសវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)នៃប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេង នៅថ្ងៃទី ០៣ ខែមករា និងបានបើកការវាយប្រហារទ្រង់ទ្រាយធំរួមគ្នាជាមួយអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។
ប្រទេសគុយបា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងថាមពលយ៉ាងធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍។ អង្គការសហប្រជាជាតិ និយាយថា កង្វះខាតប្រេងឥន្ធនៈ កំពុងរុញប្រទេសនេះឲ្យធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌។
កាលពីដើមខែនេះ លោក ត្រាំ បានគំរាមថា ប្រទេសគុយបានឹង «ដួលរលំក្នុងពេលឆាប់ៗនេះ» ប៉ុន្តែរដ្ឋបាលរបស់លោក នឹងផ្តោតលើប្រទេសអ៊ីរ៉ង នៅពេលនេះ៕