អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASSថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានរក្សាគោលនយោបាយប្រឆាំងរុស្ស៊ី ដូច្នេះទំនាក់ទំនងរបស់ទីក្រុងតូក្យូជាមួយទីក្រុងមូស្គូ នៅតែបន្តធ្លាក់ចុះ។

លោកបានកត់សម្គាល់ថា៖«ទោះបីជាមានការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសជប៉ុនក៏ដោយ រដ្ឋបាល របស់លោកស្រី Takaichi បច្ចុប្បន្ននៅតែបន្តអនុវត្តគោលនយោបាយប្រឆាំងនឹងរុស្ស៊ី ជាមូលហេតុដែលទំនាក់ទំនងទ្វេភាគី នៅតែបន្តធ្លាក់ចុះ ហើយការទំនាក់ទំនង នៅតែស្ថិតក្នុងកម្រិតអប្បបរមា»។

នៅពេលសួរអំពីស្ថានភាពជុំវិញសន្ធិសញ្ញាសន្តិភាពរុស្ស៊ី-ជប៉ុន លោក Rudenko បានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មឯកតោភាគីដែលដាក់ចេញដោយទីក្រុងតូក្យូ ក្រសួងការបរទេសរុស្ស៊ី បាននិយាយជាសាធារណៈថា ខ្លួនមិនមានគម្រោងបន្តការចរចានោះទេ។
លោក Rudenko បានសង្កត់ធ្ងន់ថា៖«យើងបានបញ្ជាក់ម្តងហើយម្តងទៀតយ៉ាងច្បាស់ទាំងតាមរយៈ បណ្តាញការទូត និងជាសាធារណៈថា វានឹងអាចធ្វើទៅបាន លុះត្រាតែមានការស្តារការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងវិញ នៅពេលដែលប្រទេសជប៉ុនចាត់វិធានការពិតប្រាកដ ដើម្បីបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន»៕