ការប្រកួតប្រជែងពានរង្វាន់ Sci-Cup (សាយខាប់) ក្នុងឱកាសទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ បាន បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងការអប់រំលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការ បណ្តុះនវានុវត្តន៍ករជំនាន់ក្រោយ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងការប្រកួត ប្រជែងពានរង្វាន់ Sci-Cup ក្នុងឱកាសទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះថា កម្មវិធីប្រកួតប្រជែងវិទ្យាសាស្ត្រ Sci-Cup (សាយខាប់) បានឆ្លុះបញ្ចាំងពីគោលដៅរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរពីប្រទេសប្រើ ប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសអភិវឌ្ឍនិងបង្កើតនវានុវត្តន៍ បច្ចេកវិទ្យានាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា យុវជនកម្ពុជាមិនត្រឹមតែចេះប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយទៅជាអ្នកបង្កើត និង អ្នកអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់សក្តានុពលរបស់កម្ពុជាឱ្យកាន់តែរឹងមាំ មានភាពធន់ និងអាចប្រកួតប្រជែងក្នុងតំបន់ និង លើឆាកអន្តរជាតិបាន។
ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងផងដែរថា វគ្គផ្តាច់ ព្រ័ត្រនេះមិនត្រឹមតែបង្ហាញពីសមត្ថភាពសិក្សាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគំនិតនវានុវត្តន៍ ការជឿជាក់លើខ្លួនឯង និងសមត្ថភាព ក្នុងការសម្របខ្លួន។ គុណលក្ខណៈទាំងនេះនឹងអនុញ្ញាតឱ្យយុវជនរបស់យើង ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រមូលផ្តុំការចូលរួម ពីសិស្ស វិទ្យាល័យនៅទូទាំងប្រទេស។ បន្ទាប់ពីវគ្គប្រកួតប្រជែងជម្រុះយ៉ាងស្វិតស្វាញចំនួនពីរវគ្គបេក្ខជន ៦ រូប បានឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងនោះមាន ២ រូប មកពីខេត្តបាត់ដំបង និង ៤ រូប មកពីរាជធានីភ្នំពេញ។ ពួកគេនឹងប្រកួតប្រជែងដើម្បីទទួលមេដាយមាស ប្រាក់ និងសំរិទ្ធ ដែលម្ចាស់ជ័យលាភីនឹងត្រូវប្រកាសក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤៕
អត្ថបទ៖ សុន រ៉ាឌី










