ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់កំពុងដំណើរការ ហើយកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់អាចនឹងខិតជិតមកដល់។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បាននិយាយថា ការចរចាកំពុងដំណើរការទៅដោយរលូន ហើយកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់គឺអាចធ្វើទៅបាន ដោយលើកឡើងពីការផ្លាស់ប្តូររបប នៅទីក្រុងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ក្នុងរយៈពេលមួយខែកន្លងមកនេះ។
លោកប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា រូបលោកគិតថាពួកលោកនឹងធ្វើកិច្ចព្រមព្រៀងជាមួយពួកគេ ប៉ុន្តែវាអាចទៅរួចដែលពួកលោកនឹងមិនធ្វើ។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន លោក Trump បាននិយាយថា លោកពិតជាមើលឃើញកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលអាចកើតឡើងក្នុងពេលឆាប់ៗនេះ ទោះបីជារូបលោកពុំបានផ្តល់ពេលវេលាជាក់លាក់ក៏ដោយ។
ចំណែកអ៊ីរ៉ង់វិញ ជារឿយៗបានបដិសេធដែលថា ការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនបានកើតឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមកាលពីថ្ងៃទី២៨កុម្ភៈ២០២៦ ហើយបានអំពាវនាវឱ្យមានការបញ្ឈប់អរិភាពមុនពេលការចរចាណាមួយអាចកើតឡើង៕

