ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងកាលថ្ងៃអាទិត្យថា ទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ និង ៩នាក់ បាត់ខ្លួន នៅក្នុងខេត្ត Taiz របស់ប្រទេសយេម៉ែន ដោយមានរបាយការណ៍អំពីការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ទីភ្នាក់ងារនេះ បាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃសុក្រ បានវាយប្រហារសហគមន៍ដែលផ្តល់ការស្នាក់នៅ និងជំរំសម្រាប់អ្នកផ្លាស់ទីលំនៅក្នុងស្រុកនៅភាគខាងលិច និងពាយ័ព្យនៃខេត្ត Taiz។
របាយការណ៍បឋមរបស់រដ្ឋាភិបាល បានបញ្ជាក់ថា អ្នកស្លាប់រួមមានស្ត្រី និងកុមារ ខណៈដែលមនុស្ស ៩ នាក់ផ្សេងទៀត នៅតែបាត់ខ្លួន នៅក្នុងទីក្រុង Mocha ដែលជាទីក្រុងកំពង់ផែមួយរបស់ខេត្តនេះ។

ការប៉ាន់ស្មានដំបូង បានបង្ហាញថា គ្រួសារជិត ៥.៩០០ គ្រួសារ បានរងផលប៉ះពាល់ ដោយផ្ទះសម្បែងត្រូវបានខូចខាតដោយផ្នែក ឬទាំងស្រុង។ អាជ្ញាធរឧតុនិយមរបស់ប្រទេសយេម៉ែន បានព្រមានប្រជាជនឲ្យ ជៀសវាងជ្រលងភ្នំ និងតំបន់ទំនាប ក្នុងអំឡុងពេល និងក្រោយពេលមានភ្លៀងធ្លាក់៕