បើយោងតាមឯកសារផ្សារហ៊ុន ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ប្រទេសហ្វីលីពីនទទួលបានប្រេងឆៅរុស្ស៊ីជិត ២,៥លានបារ៉ែល ដោយការទិញនេះធ្វើឡើងដោយសារ «ភាពចាំបាច់ខ្លាំង» ខណៈដែលប្រទេសនេះកំពុងព្យាយាមបំពេញឡើងវិញនូវប្រេងឥន្ធនៈបម្រុងដែលកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។
ហ្វីលីពីនបានឃើញតម្លៃប្រេងឥន្ធនៈឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ចាប់តាំងពីសង្គ្រាមរបស់អាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានបង្ខំឲ្យមានការបិទច្រកសមុទ្រ Hormuz ដោយផ្នែក ដោយប្រធានាធិបតី លោក Ferdinand Marcos ថ្មីៗនេះ បានបញ្ជាក់ថា ស្តុកអាចមានរយៈពេលរហូតដល់ថ្ងៃទី៣០ ខែមិថុនា។

សារព័ត៌មាន AFP បានរាយការណ៍កាលពីសប្តាហ៍មុនថា នាវាដឹកប្រេងឆៅរបស់រុស្ស៊ី ១គ្រឿង បានទៅដល់កំពង់ផែដែលបម្រើសេវាកម្មដល់ប្រតិបត្តិកររោងចក្រចម្រាញ់ប្រេង Petron Corp ជាការទិញដែលមិននឹកស្មានដល់ មុនពេលសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាយូរអង្វែង បានបន្ធូរបន្ថយទណ្ឌកម្មដែលត្រូវបានដាក់ទាក់ទងនឹងសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។
នៅក្នុងរបាយការណ៍មួយទៅកាន់ផ្សារហ៊ុនហ្វីលីពីន ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ក្រុមហ៊ុន Petron បានឲ្យដឹងថា ខ្លួនបានយល់ព្រមទិញប្រេងឆៅរបស់រុស្ស៊ី បន្ទាប់ពីបានឃើញការដឹកជញ្ជូនយ៉ាងហោចណាស់ ៤លានបារ៉ែលត្រូវបានលុបចោល ចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាចាប់ផ្ដើមឡើង។
របាយការណ៍នេះបានឲ្យដឹងថា៖ «ការទិញទាំងនេះត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងដោយសារភាពចាំបាច់បំផុត ជាវិធានការបន្ទាន់ដ៏ធំមួយ ដើម្បីឆ្លើយតបទៅនឹងការរំខានដល់ភូមិសាស្ត្រនយោបាយ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមិនធ្លាប់មានពីមុន ហើយការធ្វើបែបនេះកើតឡើង លុះត្រាតែបានប្រើប្រាស់ជម្រើសពាណិជ្ជកម្ម និងប្រតិបត្តិការទាំងអស់ដែលអាចទទួលយកបាន»៕
