នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេសនឹងមិនត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះដែលកំពុងបន្តមាន ពាក់ព័ន្ធនឹងអ៊ីរ៉ង់នោះទេ ដោយសង្កត់ធ្ងន់ថា ស្ថានភាពនេះ «មិនមែនជាសង្គ្រាមរបស់យើងទេ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mirror UK។
លោក Starmer បើតាមសេចក្ដីរាយការណ៍ បានសង្កត់ធ្ងន់ថា ជំហររបស់រដ្ឋាភិបាលរបស់លោក នៅតែមានភាពច្បាស់លាស់ ទោះបីជាភាពតានតឹងក្នុងតំបន់កើនឡើងក៏ដោយ។ លោកត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «វាគឺពិតជាសំខាន់ណាស់ដែលខ្ញុំត្រូវបញ្ជាក់ជាថ្មីម្ដងទៀត អំពីជំហររបស់ខ្ញុំ និងជំហររបស់រដ្ឋាភិបាលនេះ ពីព្រោះនេះមិនមែនជាសង្គ្រាមរបស់យើងទេ។ ហើយយើងនឹងមិនត្រូវបានអូសទាញឲ្យធា្លក់ចូលទៅក្នុងជម្លោះនេះឡើយ»។
លោក Starmer បានបន្ថែមថា បើទោះបីជាចក្រភពអង់គ្លេស នឹងត្រូវចាត់វិធានការ ដើម្បីការពារជាតិ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ខ្លួននឹងជៀសវាងការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។ លោកបាននិយាយថា៖ «មែនហើយ ពិតណាស់ យើងនឹងការពារអាយុជីវិត និងផលប្រយោជន៍របស់អង់គ្លេស នៅក្នុងតំបន់ ពោលគឺយើងនឹងឈរនៅខាងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ឈូងសមុទ្រ»។
នាយករដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ជំហររបស់លោករឹងមាំណាស់ ជាគោលការណ៍ ដោយនិយាយថា រដ្ឋាភិបាលនឹងរក្សាជំហររបស់ខ្លួន ដោយមិនគិតពីសម្ពាធខាងក្រៅឡើយ។ ការកត់សម្គាល់របស់លោកកើតឡើងចំពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងជាអន្តរជាតិ ជុំវិញជម្លោះកំពុងរាលដាល និងលទ្ធភាពដែលអាចមានការកើនឡើងបន្ថែមទៀត នៅក្នុងតំបន់៕