យោងតាមសេចក្តីជូនដំណឹងមួយនៅក្នុងកាសែតរាជវង្សថៃនៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះអង្គ មហា វិច្ចរ៉ាឡុងកន បានរាជានុម័តលើគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល រួចរាល់ហើយ។

ព្រះរាជាអនុម័តនេះ បានបើកផ្លូវឱ្យគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ មុនពេលចេញសេចក្តីថ្លែងការណ៍គោលនយោបាយទៅកាន់សភា ដែលបន្ទាប់ពីនោះ រដ្ឋមន្ត្រីទាំងឡាយអាចចូលកាន់តំណែងជាផ្លូវការបាន។
សមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ នៅតែរក្សាទុកលោក ឯកនិទី នីទិថានប្រាផាត (Ekniti Nitithanprapas) ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោកស្រី ស៊ុផាក់ជី ស៊ុថាំផាន់ (Suphajee Suthumpun) ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដដែលដូចការរំពឹងទុក។ ចំណែកឯលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក៏នៅបន្តកាន់តំណែងជារដ្ឋមន្ត្រីការបរទេសផងដែរ។
អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក អាកាណាត់ ព្រុំផាន់ (Akanat Promphan) បានមកជំនួសតំណែងលោក អតថាភុន រើកភីប៊ូន (Auttapol Rerkpiboon) អតីតនាយកប្រតិបត្តិក្រុមហ៊ុន PTT ក្នុងនាមជារដ្ឋមន្ត្រីក្រសួងថាមពល រួមជាមួយនឹងតំណែងជាន់ខ្ពស់ជាច្រើនរូបទៀត។ លោក អនុទីន ធ្លាប់បានលើកឡើងកាលពីចុងសប្តាហ៍មុនថា រដ្ឋាភិបាលថ្មីនឹងត្រូវរៀបចំឱ្យបានរួចរាល់នៅត្រឹមខែមេសាដ៏ខ្លីខាងមុខនេះ៕

