ប្រទេសអេស្ប៉ាញ បានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះអាមេរិកចូលរួមក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បន្ថែមលើការមិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធា Moron និង Rota។

ចំណាត់ការនេះ ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ លោក Margarita Robles កាលពីថ្ងៃចន្ទថា «យើងមិនអនុញ្ញាតឱ្យប្រើប្រាស់ទាំងមូលដ្ឋានយោធា និងការប្រើប្រាស់ដែនអាកាសសម្រាប់សកម្មភាពទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ទេ»។
ការរឹតបន្តឹងទាំងនេះ បង្ខំឱ្យសហរដ្ឋអាមេរិកត្រូវបង្វៀងប្រទេសអេស្ប៉ាញដែលជាសមាជិកណាតូ ខណៈយន្តហោះរបស់ខ្លួនហោះហើរតាមផ្លូវទៅកាន់គោលដៅនៅមជ្ឈិមបូព៌ា ជាផ្នែកមួយនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី លោក Pedro Sanchez បាននិយាយថា ប្រទេសនេះកំពុងមានចំណាត់ការ ខណៈអេស្ប៉ាញជា «ប្រទេសអធិបតេយ្យ មិនចង់ចូលពាក់ព័ន្ធក្នុងសង្គ្រាមខុសច្បាប់ឡើយ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ ចំពោះការបដិសេធសហរដ្ឋអាមេរិកមិនឲ្យប្រើប្រាស់មូលដ្ឋានរបស់អេស្ប៉ាញ ក្នុងសង្គ្រាម។