តម្លៃប្រេងបានធ្លាក់ចុះ ១% ក្នុងការជួញដូរនៅអាស៊ីនៅថ្ងៃអង្គារ ៣១មីនាសប្ដាហ៍នេះ ក្រោយមានរបាយការណ៍ថា លោកប្រធានាធិបតី Donald Trump បានប្រាប់ក្រុមមន្ត្រីជំនិតរបស់លោកថា លោកមានឆន្ទៈបញ្ចប់សង្គ្រាមអ៊ីរ៉ង់ទោះច្រកសមុទ្រ Hormuz នៅតែបន្តបិទក៏ដោយ ។

តម្លៃប្រេងឆៅ Brent សម្រាប់ខែឧសភា បានធ្លាក់ចុះ១,២២ ដុល្លារ ឬ១,៨% មកនៅតម្លៃ១១១,៥៦ដុល្លារអាមេរិក ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង០២និង១០នាទីម៉ោងសកល បន្ទាប់ពីបានងើបឡើង២% ក្នុងវគ្គជួញដូរមុន។
ចំណែកតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរសម្រាប់ខែឧសភា បានធ្លាក់ចុះ៩៨សេន ឬ ០,៩៥% មកនៅត្រឹម១០១,៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការហក់ឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៩ខែមីនា ក្នុងការជួញដូរដំបូង។
ក្រុមអ្នកវិភាគនិយាយថា ការធ្លាក់ថ្លៃនេះ គឺជាប្រតិកម្មបណ្ដោះអាសន្នប៉ុណ្ណោះដោយសារដំណឹងនៃការបញ្ចប់សង្គ្រាម ប៉ុន្តែការប្រែប្រួលតម្លៃមិនទៀងទាត់ទាំងនេះនឹងមិនឋិតឋេរទេ លុះត្រាដែលលំហូរដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ត្រឡប់មកប្រក្រតីភាពឡើងវិញទាំងស្រុង៕

