លោក Philippe Lazzarini ដែលជាប្រធានចាកចេញពីតំណែងរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UNRWA)និយាយថា ជីវិតនៅតំបន់ហ្កាហ្សាគ្មានអ្វីផ្សេងក្រៅពីទុក្ខវេទនាឥតឈប់ឈរនោះទេ ។
លោកថា មនុស្សបន្តរស់នៅក្នុងគំនរបាក់បែកអគារ នៅរង់ចាំទឹកស្អាត ។ ពួកគេតស៊ូនឹងជំងឺ និងទុក្ខលំបាកគ្រប់បែបយ៉ាងទាំងអស់ ។
សេចក្តីអត្ថាធិប្បាយរបស់លោកបានកើតមានកាលពីថ្ងៃចន្ទ ស្របពេលពិធីបុណ្យសពថ្មីៗ ត្រូវបានធ្វើឡើងសម្រាប់ជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ហើយនិងស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរទៅ ។

លោក Lazzarini បានព្រមានថា អនាគតរបស់ទីភ្នាក់ងារ UNRWA បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ។
នៅក្នុងលិខិតមួយច្បាប់កាលពីដើមខែនេះ លោក Lazzarini និយាយថា បើសិនជាទីភ្នាក់ងារ UNRWA ដួលរលំ អ៊ីស្រាអែលត្រូវតែទទួលយកការងារមនុស្សធម៌របស់ខ្លួននៅតំបន់ហ្កាហ្សា ។
ទីភ្នាក់ងារ UNRWA បានបើកប្រតិបត្តិការអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ជាទីភ្នាក់ងារអន្តរជាតិដ៏សំខាន់ ក្នុងការផ្តល់សេវាកម្មសុខុមាភាពដល់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់ ។
ទីភ្នាក់ងារមួយនេះ ប្រឈមនឹងបញ្ហាមូលនិធិសំខាន់ចាប់តាំងពីដើមឆ្នាំ ២០២៤រហូតមក ក្រោយការបង្កកជំនួយសហរដ្ឋអាមេរិក ។
ការបង្កកជំនួយនេះ បានកើតមាន ក្រោយអ៊ីស្រាអែលចោទប្រកាន់បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារ UNRWA ថា បានចូលរួមការវាយប្រហារស្លាប់មនុស្សរបស់ក្រុមហាម៉ាស ដែលបង្កឲ្យមានសង្រ្គាមហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ៕

