អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា UNបានអំពាវនាវកាលពីថ្ងៃចន្ទ ឲ្យមានការការពារជនស៊ីវិល ហើយនិងបន្ធូរបន្ថយភាពតានតឹងនៅតំបន់ភាគនិរតីប្រទេសសូម៉ាលី ក្រោយភាពរំជើបរំជួលបានបង្ខំឲ្យមនុស្សប្រហែល ៤៥.០០០នាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
កាលពីថ្ងៃចន្ទម្សិលមិញ កងទ័ពជាតិសូម៉ាលី បានដណ្តើមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្ត Baidoa ដែលជារដ្ឋធានីរដ្ឋ South West បង្ខំឲ្យលោកអភិបាលរដ្ឋ Abdiaziz Hassan Mohamed Laftagareen លាលែងពីតំណែង រយៈពេល ២សប្តាហ៍ ក្រោយរដ្ឋបាលរបស់លោក និយាយថា ពួកគេមាននូវទំនាក់ទំនងកាត់ផ្តាច់ជាមួយរដ្ឋាភិបាលសហព័ន្ធ ។

ទីក្រុង Baidoa ដែលជាទីកន្លែងរបស់ក្រុមថែរក្សាសន្តិភាព និងទីភ្នាក់ងារមនុស្សធម៌ ស្ថិតក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ជម្លោះ និងការជម្លៀសខ្លួន ។ ទីក្រុងមួយនេះ មានមនុស្សជម្លៀសខ្លួនរស់នៅប្រហែល ៤៣ម៉ឺននាក់ ។
លោក George Conway គឺជាអ្នកសម្របសម្រួលមនុស្សធម៌ UNបានព្រមានថា ស្ថានភាពអាចនឹងអាក្រក់ជាងនេះ បើគ្មានវិធានការបន្ទាន់ទេនោះ ស្របពេលដែលមនុស្សជម្លៀសខ្លួនភាគច្រើនទៅកាន់ភូមិក្បែរគ្នា មានសេវាកម្មកំហិត ។
ដោយឡែក ទីភ្នាក់ងារផ្តល់ជំនួយមួយចំនួនបានផ្អាកប្រតិបត្តិការរបស់ពួកគេរួចទៅហើយ ដោយសារក្តីបារម្ភពីការប៉ះទង្គិចគ្នាបន្ថែមទៀត ៕
