យានដ្រូនអ៊ុយក្រែនវាយប្រហារកំពង់ផែសមុទ្របាល់ទិក Ust-Luga របស់រុស្ស៊ី ជាលើកទី ៥ ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ពេលដែលទីក្រុងគីវ បន្តបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋរចនាសនាំចេញប្រេងរបស់រុស្ស៊ី ខណៈក្រុមមន្រ្តីសហភាពអឺរ៉ុប(EU)បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ។
អភិបាលតំបន់លោក Alexander Drozdenko និយាយនៅថ្ងៃអង្គារនេះថា មនុស្ស ៣នាក់ រួមទាំងកុមារ ២នាក់ ទទួលបានការព្យាបាលរបួស ហើយអគារជាច្រើន បានរងការខូចខាត នៅក្នុងការវាយប្រហារកាលពីយប់កន្លងទៅ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegram លោក Drozdenko និយាយថា ការប្រកាសអាសន្នពីការវាយឆ្មក់លើអាកាសក្នុងតំបន់ បានដកចេញ ប៉ុន្តែលោកពុំបានផ្តល់សេចក្តីលម្អិតពីការខូចខាតដល់កំពង់ផែនោះទេ ។

កំពង់ផែ Ust-Luga ដែលស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃឈូងសមុទ្រហ្វាំងឡង់ គឺជាទីតាំងផលិតប្រេង និងជាចំណតនាំចេញផលិតផលប្រេង និងប្រេងឆៅ ។
ក្រុមអាជ្ញាធរនិយាយថា កំពង់ផែ Ust-Luga រងការវាយប្រហារកាលពីថ្ងៃទី ២២ ២៥ ២៧ ២៩ និងថ្ងៃទី ៣១ ខែមីនានេះ បង្ខំឲ្យមានការផ្អាកប្រតិបត្តិការនាំចេញ ។
យោងតាមទិន្នន័យផ្អែកលើប្រភពបានឲ្យដឹងថា កំពង់ផែ Ust-Luga បាននាំចេញផលិតផលប្រេងទម្ងន់ ២១,៩លានតោន កាលពីឆ្នាំ ហើយនិងផលិតប្រេងឆៅ ៧០ម៉ឺនបារ៉ែល ក្នុង ១ថ្ងៃ ។
សូមបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធនាំចេញប្រេងរុស្ស៊ី ក្នុងរយៈពេល ១ខែកន្លងមកនេះ ជាមួយនឹងការវាយប្រហារយានដ្រូនធ្ងន់ធ្ងរបំផុតក្នុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំមកនេះ លើកំពង់ផែ Ust-Luga និងកំពង់ផែ Primorsk ស្ថិតក្នុងសមុទ្របាល់ទិក ៕
