ស៊ីហ្គេម៖ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជា នឹងមកដល់នាសប្ដាហ៍ក្រោយចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈគណៈកម្មជំនាញនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបន្ដបើកកិច្ចប្រជុំដើម្បីជជែកគ្នាឆ្ពោះទៅរៀបចំព្រឹត្តិការណ៍មានសារៈសំខាន់នេះឲ្យទទួលបានជោគជ័យ។
ថ្លែងក្នុងកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការស្ត្រី និងកីឡា គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ព្រមទាំងគណៈកម្មការវេជ្ជសាស្ត្រកីឡា និងដូពីង កាលពីថ្ងៃទី៣១ ខែមីនាម្សិលមិញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់ដឹកនាំតំបន់នាសប្ដាហ៍ក្រោយគឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលនឹងធ្វើឡើងក្រោមវត្តមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។ ឯកឧត្តមបានចាត់ទុកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាគ្នេយ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់គណៈកម្មការជំនាញទាំងបី ដើម្បីស្វែងយល់ពីតួនាទីភារកិច្ច និងទទួលបាននូវធាតុចូលសំខាន់ៗសម្រាប់អនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ពិសេសគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មានដើម្បីជំរុញការផ្សព្វផ្សាយ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅខេត្តសៀមរាប គឺជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការកាលពីចុងឆ្នាំ២០២១។ កិច្ចប្រជុំនេះត្រូវបានឯកឧត្តមរដ្ឋមន្ដ្រីចាត់ទុកជាកិច្ចប្រជុំដ៏សំខាន់ ដែលជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើការរៀបចំឲ្យទទួលបានជោគជ័យ ព្រោះផ្លែផ្កានៃកិច្ចប្រជុំនេះក៏ឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា