ភ្នំពេញ៖ក្រោយការសាកសួររបស់សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ណេះ កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសចំនួន ៦នាក់នៅខេត្តបាត់ដំបង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ត្រឹមវេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៦នេះបានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥ និង៤៥នាទីរសៀលថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៥នាក់ នោះហើយ។
«ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ»។ នេះបើតាមការបញ្ជាក់របស់សេចក្ដីប្រកាសព័ត៌មាន។
សូមជម្រាបថា ម្ចាស់រថយន្តដែលបើកបុកមនុស្សស្លាប់ចំនួន ៦នាក់ បានចូលខ្លួនឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីរត់គេចខ្លួនរយៈពេល ៦ថ្ងៃ។ ការចូលខ្លួននេះ គឺតាមការកោះហៅរបស់សមត្ថកិច្ចឲ្យចូលខ្លួនឆ្លើយបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ក្រៅពីការកសាងសំណុំរឿងស្របតាមជំនាញ ស្របតាមនីតិវិធី មកដល់ពេលនេះសមត្ថកិច្ចនគរបាលបន្តប្រមូលភស្តុតាងបន្ថែមទៀតតាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងទិសដៅ ពីភ្នំពេញមកខេត្តបាត់ដំបង និងប្រភពផ្សេងៗទៀតដែលអាចវាយតម្លៃនិងសន្និដ្ឋានបានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ។ តាមការពិនិត្យប្លង់កើតហេតុ រថយន្តបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង (ភ្នំពេញ-បាត់ដំបង) ពេលមកដល់ចំណុចកើតហេតុបានបុកម៉ូតូទាំង០២ ពីក្រោយតែម្តង៕ អត្ថបទ៖ វង



