ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានដាក់ចេញផែនការ ដើម្បីបញ្ចប់ ជំងឺ របេង របស់កម្មវិធីជាតិឆ្នាំ២០២១- ឆ្នាំ២០៣០, កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
នាឱកាសបិទសន្និបាតការងារ កំចាត់រោគរបេង ទូទាំងប្រទេសលើកទី២៥ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា បានណែនាំមន្រ្តីសុខាភិបាលអនុវត្តផែនការដើម្បីឲ្យការងារប្រយុទ្ធនឹងជំងឺរបេងទទួលបានជោគជ័យបន្ថែមទៀត ពិសេសស្របតាមផែនការយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេង របស់កម្មវិធីជាតិឆ្នាំ២០២១-ឆ្នាំ២០៣០។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានណែនាំមន្រ្តីសុខាភិបាល ត្រូវតែខិតខំប្រឹងប្រែងថែមទៀត ក្នុងការស្រាវជ្រាវអ្នកជំងឺរបេងគ្រប់ ជំរុញការផ្តល់សេវាស្រាវជ្រាវ និងព្យាបាលជំងឺរបេង ដល់ក្រុមមានហានិភ័យខ្ពស់ ត្រូវរៀបចំពង្រឹង និងពង្រីកឲ្យបានប្រសើរឡើងថែមទៀត ក្នុងការងារប្រយុទ្ធនឹងជំងឺរបេងស៊ាំនឹងឱសថ។
បន្ថែមពីលើនេះ ត្រូវរក្សាឲ្យបានដំណើរការ សកម្មភាពការងារប្រយុទ្ធនឹងជំងឺរបេង នៅមនី្ទរពេទ្យ មណ្ឌល សុខភាព បន្តជំរុញការចូលរួម ពីស្ថាប័នសុខាភិបាលដទៃទៀត និងពង្រឹងថែមទៀត កិច្ចសហប្រតិបតិ្តការ ជាមួយដៃគូគ្រប់លំដាប់ថ្នាក់ និងជំរុញថែមទៀត ការគៀងគរធនធាន ដើម្បីសម្រេចទិសដៅរបស់កម្មវិធី សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្ត។
បើតាមលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន បានឲ្យដឹងថា បញ្ហាជាចំបងរបស់កម្មវិធីជាតិ គឺធ្វើយ៉ាងណាស្វែងរកធនធានបន្ថែម សម្រេចបានទិសដៅនៅចុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ពិសេសសំរេចបានទិសដៅនៃផែនការ យុទ្ធសាស្រ្ត បញ្ចប់ជំងឺរបេងនៅកម្ពុជាឆ្នាំ២០២១-ឆ្នាំ២០៣០ ដែលស្របតាមយុទ្ធសាស្រ្តបញ្ចប់ជំងឺ របេងសកលលោក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕រូបភាព៖ អត្ថបទ រដ្ឋា