លោក Derek Mathews គឺជាកសិករមួយរូបរបស់អាហ្វ្រិកខាងត្បូង ស្ថិតក្នុងចំណោមកសិកររាប់ម៉ឺននាក់នៅអាហ្វ្រិកខាងត្បូងដែលប្រឈមការលំបាកនៅពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ បង្កឡើងដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ។
តម្លៃប្រេង និងជីកសិកម្មបានកើនឡើងទ្វេដង ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅតែអូសបន្លាយពេល ចូលដល់ខែទី ២ ក្នុងនោះច្រកឆ្លងកាត់ថាមពលសំខាន់ ដូចជាច្រកសមុទ្រ Hormuz ត្រូវបានបិទ ។

ប្រជាកសិករនៅទូទាំងអាហ្វ្រិកខាងត្បូង នាំគ្នាត្អូញត្អែរថា ស្តុកប្រេងពិបាកស្វែងរកប្រភព ស្របពេលដែលក្រុមហ៊ុនផ្គត់ផ្គង់ ប្រឈមតម្រូវការខ្ពស់ ការរឹតបន្តឹងភស្តុភារ និងសន្សំសំចែប្រេងម៉ាស៊ូត ។
ក្រុមប្រតិបត្តិឧស្សាហកម្មប្រេង និងក្រុមមន្រ្តីរដ្ឋាភិបាលនិយាយថា ការហក់ឡើងខ្ពស់ការទិញប្រេងមុន បានបង្អាក់ដល់ការផ្គត់ផ្គង់ប្រេង ប៉ុន្តែពួកគេបានធានាដល់ប្រជាកសិករថា ស្តុកប្រេងមានគ្រប់គ្រាន់សម្រាប់ខែមេសានេះ ។
សូមបញ្ជាក់ថា ប្រេងបានចាប់ផ្ដើមខែថ្មីជាមួយនឹងកំណើនជាង ១ភាគរយនៅថ្ងៃពុធនេះ ដោយសន្ទស្សន៍ប្រេងឆៅ Brent បានបន្តដើរទៅមុខ បន្ទាប់ពីការកើនឡើងប្រចាំខែខ្ពស់បំផុតក្នុងខែមីនា ដោយសារភាពប្រែប្រួលនៅមជ្ឈិមបូព៌ា ធ្វើឲ្យទីផ្សារមានភាពរង្គោះរង្គើ ទោះបីជាមានរបាយការណ៍ថា សង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ អាចនឹងជិតដល់ទីបញ្ចប់ក៏ដោយ ៕
