មន្រ្តី ២រូបមកពីទីក្រុងអ៊ីស្លាម៉ាបាដ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនាថ្ងៃពុធនេះថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន មាននូវជំនួបនៅប្រទេសចិន ដើម្បីព្យាយាមស្វែងរកវិធីសាស្រ្តបញ្ចប់ជម្លោះរយៈពេលជាច្រើនខែ បង្កឡើងដោយសារការវាយប្រហារឆ្លងព្រំដែន ។

ជំនួបនៅទីក្រុងភាគនិរតី Urumqi បានកើតមានឡើង ក្រោយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Ishaq Dar បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយសមភាគីចិនលោក Wang Yi ។
អ្នកទាំង ២ បានពិភាក្សាលើតួនាទីរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យចូលតុចរចា ហើយនិងដាក់ចេញផែនការ ៥ចំណុចសម្រាប់បញ្ចប់ជម្លោះ ។
លោក Dar បានវិលត្រឡប់មកកាន់ទីក្រុងអ៊ីស្លាម៉ាបាដវិញ នៅថ្ងៃពុធនេះ ក្នុងនោះចិនគាំទ្រកិច្ចខិតខំការទូតរបស់ប៉ាគីស្ថាន ដែលមើលឃើញរដ្ឋមន្រ្តីការបរទេសមកពីអារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងទួរគី បានជួបជុំគ្នានៅរដ្ឋធានីប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន ។
ចិនបានព្យាយាមសម្របសម្រួលជម្លោះកើនឡើងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ។ ពួកគេបានបញ្ជូនប្រេសិតពិសេស ហើយនិងសន្យាដើរតួនាទីលក្ខណៈស្ថាបនា ក្នុងការបន្ធូរបន្ថយភាពតានតឹង ៕
