កូរ៉េខាងត្បូង កាលពីថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) បានដំឡើងការព្រមានផ្នែកសន្តិសុខថាមពលជាតិរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតទី២ ខណៈដែលប្រទេសនេះ «កំពុងចាប់ផ្តើមជួបប្រទះការរំខានខាងរូបវន្ត នៅក្នុងការផ្គត់ផ្គង់ប្រេង»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap News។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឲ្យដឹងថា ការសម្រេចនេះ ដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ កើតឡើង មួយខែបន្ទាប់ពីមានសង្គ្រាមដែលកំពុងបន្ត នៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងបានលើកឡើងថា៖ «ការសម្រេចនេះត្រូវបានធ្វើឡើង ខណៈដែលការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងស្រុកកំពុងលេចចេញជារូបរាងឡើង និងខណៈដែលតម្លៃប្រេងសកល កំពុងបន្តបង្ហាញពីភាពប្រែប្រួលខ្លាំងជ្រុល»។
ការនាំចូលប្រេងឆៅតាមរយៈច្រកសមុទ្រ Hormuz ត្រូវបានផ្អាកអស់រយៈពេលជាង ១០ថ្ងៃ ចាប់តាំងពីមានការបិទផ្លូវទឹកនេះ កាលពីថ្ងៃទី១ ខែមីនា។ នាវាដឹកប្រេងចុងក្រោយពីច្រកសមុទ្រនេះ បានទៅដល់កូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែមីនា។ ក្នុងឆ្នាំ២០២៤ កូរ៉េខាងត្បូងទទួលបានផលិតផលថាមពលប្រហែល ៥៥ភាគរយរបស់ខ្លួន ពីមជ្ឈិមបូព៌ា ដែលមានតម្លៃប្រហែល ១៤៤ពាន់លានដុល្លារ។
ភាពតានតឹង នៅមជ្ឈិមបូព៌ា បានកើនឡើង ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ជាង ១.៣៤០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ផងដែរ។ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលមានធនធានយោធាអាមេរិក៕

