បុរសម្នាក់បានសម្លាប់កុមារ ៤នាក់ អំឡុងការវាយប្រហារដោយចាក់នឹងកាំបិត នៅក្នុងសាលាមត្តេយ្យមួយកន្លែង ក្នុងរដ្ឋធានី Kampala របស់ប្រទេសអ៊ូហ្គង់ដា នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ។ បើយោងតាមការឲ្យដឹងពីនគរបាល។
បុរសនោះបានចូលទៅក្នុងសាលាបង្រៀនកម្មវិធី Gaba Early Childhood Development Program ក្នុងទីក្រុង Kampala ហើយបានវាយប្រហារ «កុមារដែលមិនបានបញ្ជាក់ចំនួន ដោយវត្ថុមុតស្រួច»។ នេះបើយោងតាមសារព័ត៌មាន Daily Monitor ក្នុងស្រុក។
សារព័ត៌មានបានរាយការណ៍ថា៖ «សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក និយាយថា ជនសង្ស័យបានក្លែងខ្លួនជាឪពុកម្តាយ ហើយជាដំបូងបានចូលទៅក្នុងការិយាល័យសាលា ជាកន្លែងដែលរូបគេបានជួបមួយភ្លែតជាមួយអ្នកគ្រប់គ្រងរដ្ឋបាល»។ ក្រោយមក រូបគេបានដើរចេញទៅខាងក្រៅ ចាក់សោទ្វារ ហើយចាប់ផ្តើមវាយប្រហារកុមារពីម្នាក់ទៅម្នាក់»។
អ្នកនាំពាក្យនគរបាល លោក Kituuma Rusoke បាននិយាយថា យ៉ាងហោចណាស់កុមារ ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ លោកបាននិយាយថា ហេតុផលនាំឲ្យមានការវាយប្រហារនេះ មិនត្រូវបានដឹងនោះទេ។ ជនសង្ស័យត្រូវបានចាប់ខ្លួន។
ការវាយប្រហារប្រភេទនេះ គឺកម្រមាននៅក្នុងទីក្រុង Kampala ជាទីដែលមានប្រជាជនប្រហែល ៣លាននាក់៕