ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃព្រហស្បតិ៍(ទី២ ខែមេសា ឆ្នាំ២០២៦) នេះ ដែលបានលើកឡើងថា ទីក្រុងម៉ូស្គូ សង្ឃឹមថា នឹងបញ្ចប់ជម្លោះមជ្ឈិមបូព៌ាឲ្យបានយ៉ាងឆាប់រហ័ស ហើយត្រៀមខ្លួនធ្វើអ្វីចាំបាច់គ្រប់យ៉ាង ដើម្បីជួយស្តារសន្តិភាពនៅក្នុងតំបន់នេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា លោក Putin នឹងពិភាក្សាជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈជំនួបតាមទូរស័ព្ទចុងក្រោយបង្អស់ ជាអ្វីដែលលោកបានធ្វើជាបន្តបន្ទាប់ជាមួយបណ្ដាមេដឹកនាំក្នុងតំបន់នេះ។
នៅព្រឹកថ្ងៃនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បាននិយាយផងដែរថា រុស្ស៊ីត្រៀមខ្លួនចូលរួមចំណែកក្នុងការដោះស្រាយជម្លោះអ៊ីរ៉ង់ ហើយលោកប្រធានាធិបតី Vladimir Putin កំពុងបន្តជជែកជាមួយបណ្ដាមេដឹកនាំក្នុងតំបន់។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រធានាធិបតីកំពុងបន្តទំនាក់ទំនងទាំងនេះ ហើយប្រសិនបើយើងត្រូវបានស្នើឲ្យជួយ យើងពិតជាត្រៀមខ្លួនចូលរួមចំណែក ដើម្បីធានាឲ្យបានថា ស្ថានភាពយោធាផ្លាស់ប្តូរទៅជាទិសដៅសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕