យោងតាមរបាយការណ៍មួយចុះផ្សាយនៅថ្ងៃព្រហស្បត៍នេះ ដោយក្រុមឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា រដ្ឋាភិបាល និងកម្លាំងសម្ព័ន្ធមិត្តនៅប៊ូគីណា ហ្វាសូ បានសម្លាប់ជនស៊ីវិលទ្វេដងច្រើនជាងក្រុមជីវពលជីហាដ ចាប់តាំងពីឆ្នាំ ២០២៣រហូតមក ។
ទិន្នន័យនេះ បានដាក់បន្ទុកលើប្រទេសជិតខាងម៉ាលីផងដែរ ជាទីដែលកងកម្លាំងរដ្ឋាភិបាល និងដៃគូ បានសម្លាប់ជនស៊ីវិល ៣-៤ដង ច្រើនជាងក្រុមជីហាដ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ។
អំពើហិង្សាពាក់ព័ន្ធនឹងក្រុមជីហាដ នៅប៊ូគីណាហ្វាសូ ម៉ាលី និងនីហ្សេ បានកើនឡើង ចាប់តាំងពីឆ្នាំ ២០២១រហូតមក ធ្វើឲ្យតំបន់ Sahel ក្លាយជាតំបន់ភេរវកម្មសកល ។
ក្រុមអ្នកវិភាគនិយាថា ការស្លាប់ទ្រង់ទ្រាយធំរបស់ជនស៊ីវិលក្រោមកណ្តាប់ដៃកងកម្លាំងរដ្ឋាភិបាល អាចជំរុញឲ្យមានការជ្រើសរើសជីវពល និងធ្វើឲ្យកាន់តែស្មុគស្មាញដល់កិច្ចខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងជាមួយរដ្ឋាភិបាលនៅតំបន់ Sahel ។
លោក Ilaria Allegrozzi គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៅក្រុមឃ្លាំមើលសិទ្ធិមនុស្ស និយាយថា កងកម្លាំងសន្តិសុខប៊ូគីណាហ្វាសូ និងក្រុមជីវពលសម្ព័ន្ធមិត្តប្រើអំពើហិង្សាដ៏ឃោឃៅជាងក្រុមជីវពលជីហាដ ដូចជាក្រុម Jama’at Nusrat al Islam wal Muslimin ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានកត់ត្រាឯកសារឧបទ្ទេហេតុ ៥៧លើកនៅប៊ូគីណាហ្វាសូ ចន្លោះខែមករា ឆ្នាំ ២០២៣ និងខែសីហា ឆ្នាំ ២០២៥ដែលជនស៊ីវិលយ៉ាងហោច ១.៨៣៧នាក់ ត្រូវបានសម្លាប់ ក្នុងនោះ កងកម្លាំងរដ្ឋាភិបាល និងក្រុមសម្ព័ន្ធមិត្ត ជាអ្នកនៅពីក្រោយការស្លាប់មនុស្ស ១.២៥៥នាក់ ។
ដោយឡែក នៅប្រទេសម៉ាលី យោធា និងទាហានស៊ីឈ្នូលរុស្ស៊ី Wagner និងកងកម្លាំងអាហ្វ្រិក បានសម្លាប់ជនស៊ីវិល ៩១៨នាក់ នៅឆ្នាំ ២០២៥ ធៀបនឹងមនុស្ស ២៣២នាក់ ដែលត្រូវបានសម្លាប់ដោយក្រុមជីហាដ ។ ភាគច្រើននៃពួកគេ បានស្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូន បន្ទាប់ពីម៉ាលី ចាប់ផ្តើមទិញយានដ្រូនផលិតនៅប្រទេសទួរគី កាលពីឆ្នាំ ២០២២ ៕