យោធានិយាយថា ហេតុការណ៍ផ្ទុះក្នុងឃ្លាំងស្តុកគ្រាប់រំសេវនៅប្រទេសប៊ូរុនឌី បានសម្លាប់មនុស្ស ១៣នាក់ និងមនុស្ស ៥៧នាក់ផ្សេងទៀត បានរងរបួស ។
លោកឧត្តមសេនីយ៍ឯក Gaspard Baratuza គឺជាអ្នកនាំពាក្យក្រសួងការពារជាតិប៊ូរុនឌីនិយាយថា ហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវនេះ បានកើតឡើងនៅក្នុងសង្កាត់ Muha ស្ថិតក្នុងទីក្រុង Bujumbura ។
អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈកងកម្លាំងសន្តិសុខ ធានាសុវត្ថិភាពនៅតំបន់ជុំវិញទីតាំងកើតហេតុ ។
លោក Baratuza បាននិយាយធានាដល់សាធារណជនថា សមត្ថភាពការពារជាតិរបស់ប៊ូរុនឌី នៅដដែល ។
លោកបន្តថា បើទោះបីជាមានហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវយ៉ាងណាក្តី សមត្ថភាពការពារជាតិរបស់ប៊ូរុនឌីនៅដដែល អាចធានាបានសន្តិភាព និងសន្តិសុខនៅក្នុងមាតុភូមិរបស់ពួកយើង ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុដែលបណ្តាលឲ្យហេតុការណ៍ផ្ទុះនេះ កើតឡើង ៕