ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុត របស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ខណៈឪពុកម្តាយរបស់កូនៗគ្រប់រូប ចង់ឃើញកូនទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូ ដើម្បីឱកាសសិក្សារបស់កូនៗផងដែរ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និងបណ្ណាល័យ នៃគ្រឹះស្ថានសិក្សាចំនួន៣ រួមមានវិទ្យាល័យជាស៊ីមឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជាស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទគោលនយោបាយនោះទេ។
មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារល្អទំនើបផងដែរ។
ឯកឧត្តម បន្តថាពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹងគឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជាបញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើមនោះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរ សំដៅបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេសជាដើម៕អត្ថបទ៖ បាន ចក់















