រដ្ឋមន្ត្រីថាមពលរុស្ស៊ីបាននិយាយថា រុស្ស៊ីមានផែនការបញ្ជូននាវាដឹកប្រេងទីពីរ ទៅកាន់ប្រទេសគុយបា ខណៈប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះកំពុងទប់ទល់ក្រោមការបិទផ្លូវរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីថាមពល លោក Sergei Tsivilev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយកំពុងត្រូវបានផ្ទុក ហើយនឹងត្រូវនាំយកទៅកាន់ប្រទេសគុយបា។ លោក Tsivilev និយាយថា «ប្រទេសគុយបា កំពុងស្ថិតក្រោមការបិទផ្លូវទាំងស្រុង វាត្រូវបានគេកាត់ផ្តាច់។ នាវារុស្ស៊ីមួយគ្រឿងបានបំពានការបិទផ្លូវ» ដោយនិយាយសំដៅទៅលើនាវាដឹកប្រេងរុស្ស៊ីទី១ ដែលបានទៅដល់កោះនេះកាលពីដើមសប្តាហ៍។

«នាវាទីពីរ ជំនួយកំពុងត្រូវបានផ្ទុកនៅពេលនេះ។ យើងនឹងមិនទុកឱ្យប្រជាជនគុយបានៅម្នាក់ឯងក្នុងបញ្ហានេះទេ»។ ការថ្លែងរបស់លោកធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីនាវាដឹកប្រេងបំពាក់ទង់ជាតិរុស្ស៊ីដឹកប្រេងឆៅប្រហែល ៧០០.០០០បារ៉ែល ចូលចតនៅស្ថានីយប្រេង Matanzas របស់ប្រទេសគុយបា កាលពីថ្ងៃអង្គារ ជាការដឹកជញ្ជូនប្រេងដ៏សំខាន់លើកដំបូងទៅកាន់ប្រទេសគុយបា ក្នុងរយៈពេលប្រហែលបីខែមកនេះ។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់ការបិទផ្លូវប្រេងឥន្ធនៈរបស់ប្រទេសគុយបា ប៉ុន្តែបានផ្តល់ការលើកលែងដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូននៅសប្តាហ៍នេះសម្រាប់ហេតុផលមនុស្សធម៌។
ប្រទេសគុយបា បានទប់ទល់ទៅនឹងការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនសប្តាហ៍មកហើយ ការកំណត់កម្រិតប្រេងឥន្ធនៈ និងកង្វះស្បៀងចាប់តាំងពីរដ្ឋបាលលោក Trump កាលពីដើមឆ្នាំនេះបានគំរាមដំឡើងពន្ធលើប្រទេសណាមួយដែលលក់ ឬផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា។