ភ្នំពេញ៖ បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប មានការថយចុះ នៅពេលបច្ចុប្បន្ន បន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងសស្រាក់សស្រាំ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០១ខែមេសានេះ លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងកសិកម្ម និងស្ថាប័នព័ន្ធផ្សេងៗទៀត បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ ដើម្បីដាក់ចេញវិធានការទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប។
ជាលទ្ធផល បច្ចុប្បន្ន បទល្មើសនេសាទក្នុងបឹងទន្លេសាបមានការថយចុះជាងមុន ក្រោយពីកម្លាំងជំនាញពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្រ្កាបយ៉ាងសស្រាក់ស្រាំ។ ក្រៅពីនេះ លោក អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់ការនេសាទខុសច្បាប់នៅបឹងទន្លេសាប ដែលអាចនាំឱ្យមានទោសតាមច្បាប់ដែលបានកំណត់។
បើតាមរបាយការណ៍របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមីនាម្សិលមិញ ការបង្រ្កាបបទល្មើសជលផលដោយប្រើឧបករណ៍ខុសច្បាប់នៅក្នុងខេត្តចំនួន ៦ជាប់បឹងទន្លេសាបមានដូចជា៖ អួនអូសទឹកសាបចំនួន២៤វង់ ម៉ាញ់៣វង់ ឆក់ត្រជាក់ ៥គ្រឿង ឈិបយន្ត១គ្រឿង អួនហ៊ុម ៤វង់ ការណូត៥០គ្រឿង ម៉ាស៊ីនការណូត ១៤គ្រឿង និងចាប់ខ្លួនជនល្មើស បញ្ជូនសំណុំរឿងទៅតុលាការជាដើម។
កន្លងទៅថ្មីៗនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបទបញ្ជា ដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី- ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕
អត្ថបទ៖ទូច សោភ័ណ