នៅក្នុងបទបង្ហាញ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ២០២៣-២០២៧ របស់ ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវេទិកាកែទម្រង់នាព្រឹកនេះ ឯកឧត្តមបានបង្ហាញពីសាវតា សមិទ្ធផល ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងមេរៀនដែលជាបទពិសោធ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលកន្លងមក។

ឯកឧត្តម ហ៊ែល ចំរើន បានបង្ហាញថា ក្នុងក្របខ័ណ្ឌចក្ខុវិស័យ ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយផ្លាស់ប្តូរពីប្រព័ន្ធដែលផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅកាន់ប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានកំណត់យក “អភិក្រមជាខឿន និងជាដំណាក់កាល (Platform Approach)” ជាយុទ្ធសាស្ត្រកែទម្រង់។ អភិក្រមនេះ មានលក្ខណៈពិសេស ៣យ៉ាងគឺ៖ (១)ការកែទម្រង់ក្នុងខឿននីមួយៗ ឬដំណាក់កាលនីមួយៗ ត្រូវមានគោលបំណងស្នូលច្បាស់លាស់ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យនៃកម្មវិធីកែទម្រង់, (២)ការកែទម្រង់ក្នុងខឿននីមួយៗ ឬដំណាក់កាលនីមួយៗ ត្រូវជាមូលដ្ឋានសម្រាប់ការកែទម្រង់ក្នុងខឿនបន្តបន្ទាប់ និង (៣)សមិទ្ធផលផ្សេងៗដែលសម្រេចបានក្នុងខឿនមុនៗ ឬដំណាក់កាលមុនៗ ត្រូរបន្តពង្រឹងបន្ថែមក្នុងខឿន ឬដំណាក់កាលបន្តបន្ទាប់។
ជាការកត់សម្គាល់បន្ថែម ឯកឧត្តមបានបញ្ជាក់ថា ដើម្បីសម្រេចឱ្យបានជោគជ័យនូវគោលដៅនៃការកែទម្រង់ក្នុងដំណាក់កាលទី៤ នេះ កម្មវិធីកែទម្រង់ មានការងារជាអាទិភាពគន្លឹះមួយចំនួនរួមមាន៖ (១)ការរៀបចំលិខិតបទដ្ឋានគតិយុត្តគាំទ្រច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, (២)ការពង្រឹងឌីជីថលូបនីយកម្មសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសការធ្វើស្វ័យប្រវត្តិកម្ម FMIS, (៣)ការពង្រឹងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម តាមរយៈការពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃសមិទ្ធកម្ម, (៤)ការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម និងការភ្ជាប់ផែនការសមិទ្ធកម្មប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន ជាឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ថវិកាជូនស្ថាប័ននីតិប្បញ្ញត្តិ, (៥)ការជំរុញការរៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច រួមទាំងការពង្រឹងសវនកម្មសមិទ្ធកម្ម និងសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង (៦)ការលើកកម្ពស់តម្លាភាពថវិកា៕




