យោងតាមកម្មវិធីផ្លូវការ បានបង្ហាញថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានពន្យារពេលការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃសុក្រ (ទី៣ ខែមេសា ឆ្នាំ២០២៦) នេះ ស្ដីពីការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំង «ការពារ» ដើម្បីការពារការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz ពីការវាយប្រហាររបស់អ៊ីរ៉ង់។

ស្ថាប័នដែលមានសមាជិក ១៥រូប ត្រូវបានគ្រោងបោះឆ្នោតនៅព្រឹកថ្ងៃសុក្រ លើសេចក្តីព្រាងសេចក្តីសម្រេចដែលរៀបចំឡើងដោយប្រទេសបារ៉ែន ប៉ុន្តែនៅយប់ថ្ងៃព្រហស្បតិ៍ កាលវិភាគត្រូវបានកែប្រែ។
បើយោងតាមប្រភពការទូត បានឲ្យដឹងថា ហេតុផល សម្រាប់ការពន្យារនេះ គឺថា អង្គការសហប្រជាជាតិ (UN) ចាត់ទុក Good Friday (ថ្ងៃសម្រាកមុនបុណ្យ Easter របស់សាសនាគ្រិស្ត) ជាថ្ងៃឈប់សម្រាកសាធារណៈ តែការឈប់សម្រាកនេះត្រូវបានគេដឹងរួចហើយ នៅពេលដែលការបោះឆ្នោតត្រូវបានប្រកាសជាលើកដំបូង។ មិនមានកាលបរិច្ឆេទថ្មីត្រូវបានផ្តល់ឲ្យនោះឡើយ សម្រាប់ការបោះឆ្នោតលើសេចក្តីព្រាងនេះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានដាក់ការគ្រប់គ្រងលើផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ដោយនេះជាចំណាត់ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្គ្រាមមជ្ឈិមបូព៌ារយៈពេល ១ខែ៕

