ក្រុមឧទ្ទាមហ៊ូធីយេម៉ែន និយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានបើកការវាយប្រហាររយៈចម្ងាយឆ្ងាយរួមគ្នាលើអ៊ីស្រាអែលជាមួយកងកម្លាំងអ៊ីរ៉ង់ និងក្រុមហេសបូឡា គឺជាអំណះអំណាងចុងក្រោយមួយពីការចូលរួមដោយផ្ទាល់របស់ពួកគេ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ។

លោក Yahya Sarea គឺជាអ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូធីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានបើកការវាយប្រហារលើកទី ៥ លើគោលដៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ស្ថិតនៅជិតទីក្រុងតែលអាវីវ ក៏ដូចជាគោលដៅយោធាសំខាន់ៗផ្សេងទៀត នៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។
លោកនិយាយថា ការវាយប្រហារនេះ ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកចង្កោម ហើយនិងយានដ្រូនជាច្រើនគ្រឿង ហើយយុទ្ធនាការនេះដែរ ត្រូវបានធ្វើឡើងរួមគ្នាជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កងទ័ពអ៊ីរ៉ង់ និងក្រុមហេសបូឡានៅប្រទេសលីបង់ ។
សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា ប្រតិបត្តិការសម្រេចបានគោលដៅរបស់ខ្លួនដោយជោគជ័យ ៕
