ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមេសា ថា ការពិភាក្សាអំពីការរំសាយអាវុធរបស់ក្រុមនេះ មុនពេលអ៊ីស្រាអែលអនុវត្តពេញលេញដំណាក់កាលដំបូងនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាសម្របសម្រួលដោយសហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងដើម្បីបន្តអ្វីដែលខ្លួនហៅថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងប្រជាជនប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ អ្នកនាំពាក្យស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស លោក Abu Ubaida បាននិយាយថា ការលើកឡើងពីបញ្ហាអាវុធ «តាមរបៀបមិនប្រាកដប្រជា» នឹងមិនត្រូវបានទទួលយកឡើយ។ បញ្ហានៃការបោះបង់អាវុធរបស់ក្រុមហាម៉ាសគឺជាឧបសគ្គដ៏ធំនៅក្នុងការចរចាដើម្បីអនុវត្តផែនការ «ក្រុមប្រឹក្សាសន្តិភាព» ដែលបានស្នើឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្កាហ្សា មានគោលបំណងពង្រឹងបទឈប់បាញ់ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំរយៈពេលពីរឆ្នាំ កាលពីខែតុលាឆ្នាំមុន។

ប្រភពព័ត៌មានចំនួនបីបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហាម៉ាសបានប្រាប់អ្នកសម្របសម្រួលថា ខ្លួននឹងមិនពិភាក្សាអំពីការរំសាយអាវុធដោយគ្មានការធានាថា អ៊ីស្រាអែលនឹងចាកចេញពីតំបន់ហ្កាហ្សាទាំងស្រុង នោះទេ។ «អ្វី ដែលបានព្យាយាមជំរុញរហូតដល់ពេលនេះប្រឆាំងនឹងការតតាំងរបស់ប៉ាឡេស្ទីន តាមរយៈអ្នកសម្របសម្រួលរបស់យើង គឺមានគ្រោះថ្នាក់ខ្លាំង»។ លោកបាននិយាយថា «តម្រូវការរំសាយអាវុធ គ្មានអ្វីក្រៅពីការប៉ុនប៉ងដោយបើកចំហដើម្បីបន្តអំពើប្រល័យពូជសាសន៍ប្រឆាំងប្រជាជនរបស់យើង ជាអ្វីមួយដែលយើងនឹងមិនទទួលយកក្នុងកាលៈទេសៈណាក៏ដោយ»។ សង្គ្រាមក្រុមហាម៉ាស-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានផ្ទុះឡើងបន្ទាប់ពីក្រុមអ្នកប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយប្រហារឆ្លងកាត់ព្រំដែនលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ជំរុញឱ្យមានការវាយលុកដ៏បង្ហូរឈាមរបស់អ៊ីស្រាអែលដែលបានជម្លៀសប្រជាជនភាគច្រើននៅតំបនហ្កាហ្សា និងបានធ្វើឱ្យតំបន់ហ៊ុមព័ទ្ធមួយនេះរងការបំផ្លិចបំផ្លាញ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក ក្រុមហាម៉ាស និងអ៊ីស្រាអែល បានចោទប្រកាន់គ្នាទៅវិញទៅមកដដែលៗថា បានរំលោភលើលក្ខខណ្ឌរបស់ខ្លួន។