កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានជួយសង្គ្រោះអ្នកបើកយន្តហោះចម្បាំងម្នាក់ដែលបាត់ខ្លួនក្រោយរងការបាញ់ទម្លាក់ ក្នុងបេសកកម្មដ៏គ្រោះថ្នាក់បំផុតនៅជ្រៅក្នុងទឹកដីអ៊ីរ៉ង់ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមាន «វាយស្រោចកាន់តែខ្លាំងក្លា» ទៅលើទីក្រុងតេអេរ៉ង់ ប្រសិនបើខ្លួនមិនបើកច្រកសមុទ្រហ័រមូសឡើងវិញត្រឹមថ្ងៃអង្គារ ទី៧ ខែមេសា ស្អែកនេះ ដើម្បីឱ្យចរន្តដឹកជញ្ជូនប្រេងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកអាចដំណើរការឡើងវិញទេនោះ។

លោក Trump បានប្រកាសពីការជួយសង្គ្រោះនេះកាលពីថ្ងៃអាទិត្យ ពេលវេលានៅសហរដ្ឋអាមេរិក តាមរយៈការបង្ហោះលើបណ្តាញសង្គម ដោយរៀបរាប់ថា ប្រតិបត្តិការក្នុងតំបន់ភ្នំនោះគឺជា «បេសកកម្មដ៏ក្លាហានបំផុតមួយ» ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ អ្នកបើកយន្តហោះដែលត្រូវបានជួយសង្គ្រោះ គឺជាមន្ត្រីផ្នែកអាវុធនៃយន្តហោះចម្បាំង F-15 ដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក Trump បានបញ្ជាក់នៅលើបណ្តាញ X ថា រូបគេបានរងរបួស ប៉ុន្តែ «នឹងមិនអីនោះទេ»។ ចំណែកឯអ្នកបើកយន្តហោះម្នាក់ទៀត ត្រូវបានជួយសង្គ្រោះតាំងពីល្ងាចថ្ងៃកើតហេតុនោះមកម៉្លេះ។

នៅក្នុងសារបង្ហោះមួយទៀតដែលពោរពេញដោយពាក្យសម្តីអសុរោះ លោក Trump បានព្រមានធ្ងន់ៗ ដោយប្រាប់ឱ្យអ៊ីរ៉ង់បើកផ្លូវទឹកហ័រមូស ដែលជាច្រកដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិប្រមាណមួយភាគប្រាំរបស់ពិភពលោក ដែលត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពី៥ សប្តាហ៍មុន បើមិនច្នោះទេ អ៊ីរ៉ង់នឹងជួប «ការវាយស្រោចយ៉ាងខ្លាំងក្លាបំផុត»។
អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាមនេះ ហើយដែលទើបតែបានវាយប្រហារលើរោងចក្រគីមីឥន្ធនៈដ៏ធំមួយនៅអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅ ក៏កំពុងត្រៀមលក្ខណៈវាយប្រហារលើទីតាំងថាមពលនានានៅពេលខាងមុខផងដែរ ដោយមន្ត្រីការពារជាតិជាន់ខ្ពស់របស់អ៊ីស្រាអែលមួយរូបបានឱ្យដឹងថា ពួកគេកំពុងរង់ចាំតែការយល់ព្រមពីអាមេរិកប៉ុណ្ណោះ៕

