អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (PDMA) នៃខេត្ត Khyber Pakhtunkhwa របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ បានចេញផ្សាយរបាយការណ៍ពេញលេញអំពីចំនួនអ្នកស្លាប់ របួស និងការខូចខាត បន្ទាប់ពីភ្លៀងមូសុងជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែមីនាថ្មីៗនេះ។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តខាងលើ មនុស្ស ៥០ នាក់បានបាត់បង់ជីវិត និង ១១១ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់នៅទូទាំងខេត្ត ដែលភាគច្រើនដោយសារតែការបាក់រលំដំបូល និងជញ្ជាំងផ្ទះ។
អ្នកស្លាប់រួមមានកុមារ ២៦ នាក់ បុរស ១៧ នាក់ និងស្ត្រី ៧ នាក់ ខណៈអ្នករងរបួសរួមមានបុរស ៤៥ នាក់ ស្ត្រី ១៩ នាក់ និងកុមារ ៤៧ នាក់។

របាយការណ៍នេះបង្ហាញពីការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ដោយមានផ្ទះសរុបចំនួន ៤៧០ ខ្នងរងផលប៉ះពាល់នៅទូទាំងខេត្ត។
ក្នុងចំណោមនេះ ផ្ទះចំនួន ៤០៩ ខ្នងត្រូវបានខូចខាតដោយផ្នែក ខណៈផ្ទះចំនួន ៦១ ខ្នងផ្សេងទៀត ត្រូវបានបំផ្លាញទាំងស្រុង។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តដដែលបានចេញការព្រមានថា គេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតចាប់ពីថ្ងៃទី៦មេសាដល់៩មេសាដោយជំរុញដល់សាធារណជនឲ្យជៀសវាងការធ្វើដំណើរមិនចាំបាច់ ពិសេសទៅកាន់តំបន់ទេសចរណ៍នានា ដែលប្រឈមនឹងហានីភ័យ ៕
