សភាវៀតណាម បានកោះប្រជុំនៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ សម្រាប់សម័យប្រជុំថ្មី ដែលស្ថាប័ននេះនឹងបញ្ជាក់អះអាងពីថ្នាក់ដឹកនាំរដ្ឋកំពូលៗ ក្នុងនោះរួមមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីផងដែរ ជាមុខតំណែងដែលត្រូវបានជ្រើសរើសរួចហើយ ដោយគណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ប៉ុន្តែមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ។
រដ្ឋសភាដែលមានចំនួន ៥០០អាសនៈរបស់វៀតណាម បម្រើជាចម្បង ក្នុងការផ្តល់សច្ចាប័នលើការសម្រេចដែលធ្វើឡើងដោយគណបក្សកាន់អំណាច ទោះបីជាពេលខ្លះ ស្ថាប័នត្រូវធ្វើវិសោធនកម្មច្បាប់ដែលបានស្នើឡើងក៏ដោយ។
សមាជិករបស់ស្ថាប័ន ត្រូវបានជ្រើសរើសកាលពីខែមីនា ក្នុងការបោះឆ្នោតមួយដែលបានឃើញគណបក្សកុម្មុយនីស្ត ទទួលបានអាសនៈស្ទើរតែ ៩៧ភាគរយ។ ប្រតិភូដែលទើបជាប់ឆ្នោតថ្មី ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីថ្នាក់ដឹកនាំដែលត្រូវបានជ្រើសរើសដោយសមាជិកជាន់ខ្ពស់នៅក្នុងសមាជ ២ដង ក្នុង ១ទសវត្សរ៍របស់គណបក្ស ក្នុងខែមករា។
មេដឹកនាំកំពូល លោក To Lam ត្រូវបានបញ្ជាក់ជាថ្មីថា ជាអគ្គលេខាធិការ នៅក្នុងសមាជ ប៉ុន្តែគណបក្សមិនបានប្រកាសជាសាធារណៈអំពី «សសរស្តម្ភ» សំខាន់ៗផ្សេងទៀតនៃរចនាសម្ព័ន្ធភាពជាអ្នកដឹកនាំរួមរបស់វៀតណាមនោះទេ។

តំណែងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ក៏នឹងត្រូវបានបញ្ជាក់ដោយការបោះឆ្នោតរបស់សមាជិកសភាផងដែរ។ លោក Lam នឹងក្លាយជាបុគ្គលដំបូងគេដែលទទួលបានតំណែងកំពូល ២ នៅក្នុងសមាជបក្ស ជាជាងការចូលកាន់តំណែង ក្រោយមរណភាពរបស់អ្នកកាន់តំណែងមុន៕
