មន្ត្រីបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់មនុស្ស បីនាក់ ក្នុងនោះមានកុមារអាយុពីរឆ្នាំម្នាក់ និងបានបណ្តាលឲ្យប្រជាជនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។

ទីក្រុងមូស្គូ បានវាយប្រហារដោយដ្រូន និងមីស៊ីលទៅលើប្រទេសអ៊ុយក្រែនស្ទើរតែរាល់យប់ពេញមួយការឈ្លានពានរយៈពេល ៤ឆ្នាំ របស់ខ្លួន ដែលជាជម្លោះបង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២។
ការវាយប្រហារនេះ បានបណ្តាញឲ្យអគារលំនៅឋានមួយធ្លុះយ៉ាងធំ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមអ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុ និងបុគ្គលិកសង្គ្រោះបន្ទាន់។
លោកប្រធានាធិបតី វ៉្លូឌីមី ហ្សេឡិនស្គី បានសរសេរនៅលើបណ្តាញសង្គមថា៖«ជាអកុសល មនុស្សបីនាក់ត្រូវបានរាយការណ៍ថា បានស្លាប់ នៅក្នុងការវាយប្រហារនេះ រួមទាំងកុមារម្នាក់ អាយុទើបតែពីរឆ្នាំប៉ុណ្ណោះ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។ លោកបានបន្ថែមថា មនុស្ស ១៦នាក់ បានរងរបួស៕
