មនុស្សយ៉ាងហោច ៣៤នាក់ រួមទាំងកុមារ ៦នាក់ដែរនោះ ត្រូវបានសម្លាប់ ស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំនៅទូទាំងអ៊ីរ៉ង់ ដោយមានគោលដៅលើសាកលវិទ្យាល័យមួយកន្លែង ក៏ដូចជាតំបន់រស់នៅរបស់ពលរដ្ឋ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ឱសានវាទនៅថ្ងៃអង្គារ ឲ្យទីក្រុងតេអេរ៉ង់ បើកច្រកសមុទ្រ Hormuz ឡើងវិញ បើពុំដូច្នេះទេ នឹងប្រឈមការវាយប្រហារលើរោងចក្រថាមពល និងស្ពានរបស់ពួកគេ ។

ទីភ្នាក់ងារព័ត៌មាន Fars រាយការណ៍កាលពីថ្ងៃចន្ទថា ការវាយប្រហារតាមច្រកអាកាស បានសម្លាប់មនុស្ស ២៣នាក់ រួមទាំងក្មេងស្រី ៤នាក់ និងក្មេងប្រុស ២នាក់ អាយុក្រោម ១០ឆ្នាំ នៅស្រុក Baharestan ស្ថិតក្នុងខេត្តតេអេរ៉ង់ ។
យោងតាមការអះអាងរបស់លោក Morteza Heydari គឺជាអភិបាលក្រុង Qom បានឲ្យដឹងថា មនុស្សយ៉ាងហោច ៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគាររស់នៅពលរដ្ឋមួយខ្នង ស្ថិតក្នុងទីក្រុងរបស់លោក ។
ក្រុមអាជ្ញាធរនិយាថា មនុស្ស ៦នាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅទីក្រុង Bandar-e Lengeh ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ។ ទីក្រុងជាច្រើននៅទូទាំងអ៊ីរ៉ង់ បានរងការវាយប្រហារផងដែរ រួមទាំងទីក្រុង Bandar Abbas, Ahvaz, Mahshahr, Shiraz, Isfahan និងទីក្រុង Karaj ៕
