ប្រភពនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប៉ាគីស្ថានស្នើសុំផែនការ ២ដំណាក់កាល ដើម្បីបញ្ចប់សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយនិងបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងនោះបច្ចុប្បន្នភាគីទាំង ២ កំពុងពិចារណាលើក្របខ័ណ្ឌ ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា លោក Esmaeil Baghaei គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បានទទួលស្គាល់កិច្ចខិតខំរបស់ប៉ាគីស្ថាន ដែលចែករំលែកផែនការជាមួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់អរិភាព ។
លោក Baghaei បន្តថា អ៊ីរ៉ង់ផ្តោតសំខាន់លើសន្តិសុខរបស់ខ្លួន ស្របពេលមានការវាយប្រហារចុងក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
សាកលវិទ្យាល័យកកំពូលមួយកន្លែងនៅក្នុងទីក្រុងតេអេរ៉ង់ និងរោងចក្រគីមីឥន្ធនៈធំបំផុតរបស់អ៊ីរ៉ង់ ស្ថិតក្នុងទីក្រុង Asaluyeh រងការទម្លាក់គ្រាប់បែកនាថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣៤នាក់ នៅអ៊ីរ៉ង់ ។
សារព័ត៌មាន Axios រាយការណ៍ដំបូងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលក្នុងតំបន់ បានពិភាក្សាលើបទឈប់បាញ់រយៈពេល ៤៥ថ្ងៃ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ២ដំណាក់កាលដែលអាចនាំឲ្យបញ្ចប់អចិន្រ្តៃយ៍សង្រ្គាមមួយនេះ ដោយពួកគេលើកពីប្រភពរបស់អាមេរិក-អ៊ីស្រាអែល និងប្រភពក្នុងតំបន់ ៕