កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ជាក់ថា ពួកគេកំពុងបញ្ចប់ការរៀបចំ ដើម្បីអនុវត្តលក្ខខណ្ឌប្រតិបត្តិការថ្មី នៅក្នុងច្រកសមុទ្រហ័រមូស ដែលស្ទើរតែត្រូវបានបិទ ចាប់តាំងពីសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានចាប់ផ្តើម។
នៅក្នុងសារមួយលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ (ទី៥ ខែមេសា ឆ្នាំ២០២៦) កងកម្លាំងជើងទឹករបស់កងឆ្មាំនេះ បានឲ្យដឹងថា៖ «កងកម្លាំងកងទ័ពជើងទឹករបស់ IRGC កំពុងបញ្ចប់ការរៀបចំប្រតិបត្តិការ សម្រាប់ការប្រកាសផែនការរបស់អាជ្ញាធរអ៊ីរ៉ង់ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ថ្មី នៅឈូងសមុទ្រពែរ្ស»។
ជាមួយគ្នានេះ ពួកគេបានព្រមានថា លក្ខខណ្ឌនៅក្នុងច្រកសមុទ្រ «នឹងមិនវិលត្រឡប់ទៅរកស្ថានភាពដើមវិញឡើយ ជាពិសេស សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។
សេចក្តីថ្លែងការណ៍របស់ពួកគេនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងជាថ្មីនូវការគំរាមកំហែងវាយប្រហាររោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ ប្រសិនបើផ្លូវដឹកជញ្ជូនដ៏សំខាន់នេះមិនត្រូវបានបើកឡើងវិញទេនោះ។
អ៊ីរ៉ង់បានអនុញ្ញាតឲ្យធ្វើចរាចរណ៍មានកំណត់តាមរយៈផ្លូវទឹកនេះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយរំខានដល់លំហូរប្រេង និងឧស្ម័នសកលប្រហែល ២០ភាគរយ៕