កីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ទាំងពីរ Declan Rice និង Gabriel បានត្រលប់មកហ្វឹកហាត់វិញមុនធ្វើដំណើរទៅទឹកដីព័រទុយហ្កាល់ជួប Sporting វគ្គ ៨ ក្រុមចុងក្រោយ Champions League។
ខ្សែបម្រើវ័យ ២៧ ឆ្នាំអង់គ្លេស Declan Rice មិនមានវត្តមានជាមួយក្រុមជម្រើសជាតិអង់គ្លេសឡើយសម្រាប់ការប្រកួតមិត្តភាពកាលពីចុងខែមីនាកន្លងទៅ ហើយក៏មិនមានវត្តមានដែរពេល Arsenal ចាញ់នៅទឹកដី Southampton ធ្លាក់ពី FA Cup។
ចំណែកខ្សែការពារប្រេស៊ីល Gabriel ត្រូវបានផ្លាស់ប្តូរចេញដោយសាររបួសជង្គង់ពេលចាញ់ Southampton កាលពីថ្ងៃអាទិត្យ។
កីឡាករទាំងពីរត្រូវបានគេឃើញវិលមកហ្វឹកហាត់វិញជាមួយក្រុមដំបូង នៅទីលានហ្វឹកហាត់ London Colney ថ្ងៃចន្ទម្សិលមិញ មុលពេលក្រុមរបស់លោក Mikel Arteta ចេញដំណើរទៅទីក្រុង Lisbon។
ចំណែកខ្សែបម្រើប៊ែលហ្ស៊ិក Leandro Trossard ក៏ត្រលប់មកហ្វឹកហាត់វិញដែរតែ Bukayo Saka នៅតែបន្តអវត្តមាន បន្ទាប់ពីអវត្តមានផងដែរជាមួយក្រុមជម្រើសជាតិអង់គ្លេស។
ក្រុមនាំមុខគេនៅ Premier League កំពុងព្យាយាមគេចពីបរាជ័យបីប្រកួតផ្ទួនៗ បន្ទាប់ពីចាញ់ Manchester City វគ្គផ្តាច់ព្រ័ត្រ League Cup និងចាញ់ Southampton វគ្គ ៨ ក្រុមចុងក្រោយ FA Cup។
កំពុងនាំមុខ ៩ ពិន្ទុពី City នៅ Premier League, Arsenal ក៏នឹងត្រូវទទួល Bournemouth ផងដែរនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ



