ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» និងទស្សនកិច្ចការងារនៅប្រទេសបារាំង តបតាមការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះថា តាមការគ្រោងទុកក្នុងអំឡុងពេលស្នាក់ប្រទេសបារាំងនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏នឹងជួបជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងៗទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នា លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរបេសកកម្មការទូតនៅក្រៅប្រទេស ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចលើកឡើង និងបង្ហាញការពិតករណីថៃឈ្លានពានកម្ពុជាទៅកាន់មិត្តអន្តរជាតិឡើយ ហើយបណ្ដាមិត្តអន្តរជាតិបានដឹងច្បាប់អំពីបញ្ហានេះ។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា បេសកកម្មនេះជាដំណើរបេសកកម្មការទូតថ្មីមួយទៀតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។ កាលពីចុងខែកុម្ភៈកន្លងទៅ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបំពេញបេសកកម្មការទូតដ៏វែងមួយនៅសហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុបដោយក្នុងអំឡុងពេលនោះ សម្តេចបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន និងបានជួបពិភាក្សាការងារជាមួយឥស្សរជន ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា រួមទាំងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិជាច្រើន។
ឯកឧត្តមបន្តថា លើសពីនេះសម្តេចធិបតី ក៏បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មាន ក៏ដូចជាបណ្តាញផ្សាយព័ត៌មានអន្តរជាតិធំៗមួយចំនួនផងដែរ។ ក្នុងចំណោមប្រធានបទដែលបានលើកឡើង ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទសំខាន់មួយដែលដៃគូបរទេស និងបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះមានដូចជា ការដាក់ពង្រាយទូរកុងតឺន័រ បន្លាលួស ដើម្បីរារាំងជនស៊ីវិលមិនឱ្យត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងការប៉ុនប៉ងកែប្រែស្ថានការណ៍ ដើម្បីកាន់កាប់លើដីជាក់ស្តែង(fait accompli on the ground) ក៏ដូចជាសកម្មភាពទាំងឡាយដែលភាគីថៃរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ជាដើម ត្រូវបានសហគមន៍អន្តរជាតិដឹងលឺយ៉ាងទូលំទូលាយ។
អ្នកនាំពាក្យគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការ និងជាបន្តបន្ទាប់ប្រឆាំងជំទាស់ជាដាច់ខាតចំពោះរាល់សកម្មភាពបំពានលើបូរណភាពទឹកដី និងប្រជាជនកម្ពុជា និងបានបញ្ជាក់ជំហរប្រាប់ភាគីថៃយ៉ាងច្បាស់លាស់ថា កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយក៏បានសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវបន្ថយភាពតានតឹង និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីបង្កើតបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែន៕
