នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា លោកស្រីកំពុងបន្តស្វែងរកការពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងការជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

លោកស្រី Takaichi បាននិយាយនៅក្នុងរដ្ឋសភាថា៖ «យើងត្រូវតែធ្វើទំនាក់ទំនងជាមួយភាគីអាមេរិក និងភាគីអ៊ីរ៉ង់។ យើងកំពុងស្វែងរកជជែកពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃប្រទេសទាំង២»។
ជាមួយគ្នានេះ លោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងចំណុចជាក់លាក់នៃការសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃទី៦ ខែមេសា ប៉ុន្តែបាននិយាយថា លោក Motegi បានបញ្ជាក់ជាថ្មី អំពីតម្រូវការ ដើម្បីធានាសុវត្ថិភាពនាវាដែលនៅតែស្ថិតនៅក្នុងច្រកសមុទ្រ Hormuz។
ការអត្ថាធិប្បាយទាំងនេះ កើតឡើងក្នុងពេលមានកិច្ចប្រឹងប្រែងផ្នែកការទូតជាច្រើន ដើម្បីបន្ធូរបន្ថយជម្លោះ នៅអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិក បានបង្កើនការគំរាមកំហែងរបស់លោក ក្នុងការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសនេះ ដែលអាចឆាប់នៅថ្ងៃទី៧ ខែមេសានេះ ប្រសិនបើច្រកសមុទ្រនេះមិនត្រូវបានបើកឡើងវិញទេនោះ។
ហើយដោយសារថ្ងៃផុតកំណត់របស់លោក Trump កាន់តែខិតជិតមកដល់ ប្រទេសជប៉ុនបានប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលពាក់ព័ន្ធ ខណៈពេលដែលខ្លួនកំពុងស្វែងរកការសម្របសម្រួលផ្នែកការទូត ចំពោះស្ថានការណ៍នេះ៕

