មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា ហានិភ័យនៃការបិទច្រកសមុទ្រ Bab el-Mandeb ដែលភ្ជាប់ សមុទ្រក្រហម និងសមុទ្រអារ៉ាប់ រួមជាមួយនឹងលទ្ធផលនៃប្រតិបត្តិការជួយសង្គ្រោះអ្នកបើកយន្តហោះ F-15 របស់អាមេរិកដែលត្រូវបានបាញ់ទម្លាក់ នៅជិតទីក្រុង Isfahan គឺជាកត្តាចម្បងដែលជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ស្វែងរកការចរចាជាមួយអ៊ីរ៉ង់។
មន្ត្រីរូបនេះ បានកត់សម្គាល់ថា៖«បញ្ហាសំខាន់ពីរកំពុងជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្ពោះទៅរកការសន្ទនាជាមួយអ៊ីរ៉ង់ ក្រោមកាលៈទេសៈបច្ចុប្បន្ន៖ ច្រកសមុទ្រ Bab el-Mandeb និងប្រតិបត្តិការនៅក្នុងទីក្រុង Isfahan»។ តាមទស្សនៈរបស់លោក រដ្ឋបាលលោក ត្រាំ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគំរាមកំហែងនៃការបិទច្រកសមុទ្រ Bab el-Mandeb ជាពិសេសបន្ទាប់ពីតាមដានស្ថានភាពប្រតិបត្តិការនៅក្នុងតំបន់នេះ។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន «ដឹងពីទំហំនៃការបរាជ័យដែលអាចកើតមាន បន្ទាប់ពីការបរាជ័យនៃប្រតិបត្តិការពិសេសនៅក្នុងទីក្រុង Isfahan»។
យោងតាមមន្ត្រីរូបនេះ សហរដ្ឋអាមេរិកយល់ថា ខ្លួន «មិនអាចសម្រេចបានលទ្ធផលដ៏មានប្រសិទ្ធភាព ក្នុងប្រតិបត្តិការប្រយុទ្ធនៅលើដីទេ»។ លោកក៏បានកត់សម្គាល់ផងដែរថា៖«ជនជាតិអាមេរិក នឹងមិនអាចប្រឈមមុខនឹងអ៊ីរ៉ង់ដោយជោគជ័យនៅលើសមុទ្របានទេ» ហើយតម្លៃថាមពល នឹងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងថ្ងៃដំបូងៗ បន្ទាប់ពីការបិទច្រកសមុទ្រ Bab el-Mandeb៕

